សំណល់ប្លាស្ទិកក្នុងសមុទ្រ នឹងកើនឡើងលើសពីសព្វថ្ងៃ ៣ដង, តំណាងអន្តរសាសនានៅកម្ពុជា នឹងពិភាក្សាគ្នាលើបញ្ហានេះ នៅថ្ងៃស្អែក
(ភ្នំពេញ)៖ ផ្អែកតាមការស្រាវជ្រាវបច្ចុប្បន្ន ហ្វីលីពីនជាប្រទេសដែលចោលកាកសំណល់ប្លាស្ទិកទៅក្នុងសមុទ្រច្រើនជាងគេលើពិភពលោក គិតជាបរិមាណ ៣៥៦.៣៧១ Metric Ton បន្ទាប់មក គឺឥណ្ឌាដែលមានបរិមាណ ១២៦.៥១៣ Metric Ton។
ប្រទេសផ្សេងទៀត ដែលស្ថិតក្នុងបញ្ជីឈ្មោះប្រទេស ដែលបំពុលសមុទ្រដោយកាកសំណល់ប្លាស្ទិកច្រើនជាងគេ រួមមាន ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ប្រេស៊ីល វៀតណាម បង់ក្លាដែស និងថៃ។ នេះបើតាមសមាជិកគណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ។
កាកសំណល់ប្លាស្ទិកទាំងនេះ បង្កការគំរាមកំហែងដល់សត្វសមុទ្រ តាមរយៈការជាប់ជំពាក់ ឬការលេបចូលទៅក្នុងខ្លួន ដែលបណ្តាលឱ្យរងរបួស ឬស្លាប់។ វាក៏បំពុលឆ្នេរសមុទ្រ និងប៉ះពាល់ដល់ទេសចរណ៍ផងដែរ។
អង្គការសហប្រជាជាតិ បានព្រមានថា បើគ្មានវិធានការតឹងរ៉ឹងទេ ចំនួនកាកសំណល់ប្លាស្ទិកក្នុងសមុទ្រនឹងកើនឡើងលើសពីសព្វថ្ងៃ ៣ដង ត្រឹមឆ្នាំ២០៦០ ហើយការបំពុលនេះអាចបំផ្លាញត្រីទាំងអស់ក្នុងមហាសមុទ្រ។ បញ្ហាកាកសំណល់ប្លាស្ទិកនេះ កំពុងក្លាយជាក្តីកង្វល់យ៉ាងខ្លាំង។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានចាត់ទុកសំណល់ប្លាស្ទិកជាសត្រូវទីមួយ និងបានដាក់ចេញយុទ្ធនាការផ្សេងៗ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីធានានូវបរិស្ថានល្អ ធន់នឹងអាកាសធាតុ កាត់បន្ថយកាក់សំណល់ និងការបំពុលបរិស្ថាន ព្រមទាំងកាត់បន្ថយការរិករិលធម្មជាតិ។
លើសពីនេះ លោក នេត្រ ភក្ត្រា កាលនៅជារដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងបរិស្ថាន បានលើកឡើងថា រាជធានីភ្នំពេញ បានប្រើប្រាស់ថង់ប្លាស្ទិកជាង ១០លានថង់ ក្នុង១ថ្ងៃ ដែលជាក្តីព្រួយកង្វល់យ៉ាងខ្លាំងផងដែរ។
សូមជម្រាបថា គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ សហការជាមួយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំវេទិកាពិភាក្សាស្តីពី «សំឡេងអន្តរសាសនាដើម្បីបរិស្ថានស្អាត៖ និយាយថា “ទេ” ចំពោះផ្លាស្ទិក – Interfaith Voices for a Clean Environment: Say “No” to Plastic”» នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែមករា ឆ្នាំ២០២៦ នៅសាលទន្លេសាប អគារខេមរវិទូ រាជបណ្ឌិត្យសភាកម្ពុជា និងផ្សាយផ្ទាល់លើបណ្តាញសង្គម។
តាមការគ្រោងទុក វេទិកាពិភាក្សានេះ នឹងមានការថ្លែងសុន្ទរកថាបើកកម្មវិធីដោយព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ ហើយបន្ទាប់មកមានកិច្ចពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងបរិស្ថាន ដោយវាគ្មិនអញ្ជើញពីតំណាងពុទ្ធិកសមាគមកម្ពុជរដ្ឋ តំណាងសមាគមគ្រីស្ទសាសនា និងតំណាងសមាគមអ៉ីស្លាមសាសនា ព្រមទាំងព្រះវត្តមានព្រះសង្ឃ និងសាធារណជនចូលរួមផ្ទាល់ចំនួន ១០០រូប។
ព្រះសង្ឃ និងសាធារណជន មានបំណងចង់និមន្ត និងចូលរួមផ្ទាល់ ឬមានសំណួរសូមទំនាកក់ទំនង គណៈកម្មការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ តាមរយៈលេខទូរសព្ទ 012594775 ឬ 0966203360 ៕
