មនុស្សស្លាប់កើនជាង២០០នាក់នៅអ៊ីរ៉ង់ ក្រោយកម្លាំងសន្តិសុខបើកការបាញ់ប្រហារលើបាតុករ
រដ្ឋាភិបាលអ៊ីរ៉ង់ បានបង្កើនការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះបាតុកម្មនៅទូទាំងប្រទេស ដោយមានសេចក្តីរាយការណ៍ថា កងកម្លាំងសន្តិសុខបានប្រើប្រាស់គ្រាប់កាំភ្លើងពិតបាញ់ទៅលើក្រុមបាតុករ ដែលបណ្ដាលឲ្យចំនួនមនុស្សស្លាប់កើនឡើងយ៉ាងច្រើន។
ចេញផ្សាយនាថ្ងៃសៅរ៍ទី១០ខែមករាឆ្នាំ២០២៦ ទស្សនាវដ្តី TIME ដោយដកស្រង់ប្រភពពីគ្រូពេទ្យនៅឯមន្ទីរពេទ្យក្នុងទីក្រុងតេហេរ៉ង់ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២១៧នាក់ត្រូវបានកត់ត្រាថាស្លាប់នៅមន្ទីរពេទ្យចំនួន៦ក្នុងរដ្ឋធានី គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍។ ទោះបីជាអង្គការសិទ្ធិមនុស្សបានរាយការណ៍ពីតួលេខអ្នកស្លាប់ទាបជាងនេះ ចន្លោះពី ៤៩ ទៅ ៦៣នាក់ក៏ដោយ ក៏ភាពខុសគ្នានៃទិន្នន័យនេះត្រូវបានគេជឿថាបណ្តាលមកពីការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទូរសព្ទស្ទើរតែទាំងស្រុងពីសំណាក់របបដឹកនាំ ដែលធ្វើឲ្យការផ្ទៀងផ្ទាត់ឯករាជ្យមានការលំបាក។ ចលនាបាតុកម្មដែលបានចាប់ផ្តើមឡើងដោយសារបញ្ហាសេដ្ឋកិច្ច បានរីករាលដាលដល់ខេត្តទាំង៣១ ជាមួយនឹងការទាមទារឲ្យផ្ដួលរំលំរបបសាធារណរដ្ឋអ៊ីស្លាម។
មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងមន្ត្រីរដ្ឋាភិបាល បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរ ដោយចោទប្រកាន់ក្រុមបាតុករថាជាក្រុមបំផ្លិចបំផ្លាញ និងគំរាមកំហែងប្រើប្រាស់ទោសប្រហារជីវិត។
ការតវ៉ានេះដែលត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ធំបំផុតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ ដំបូងឡើយបានចាប់ផ្តើមឡើងដោយសារការធ្លាក់ចុះនៃតម្លៃប្រាក់ Rial អ៊ីរ៉ង់ និងអតិផរណាខ្ពស់ដែលបណ្តាលមកពីការគ្រប់គ្រងសេដ្ឋកិច្ចមិនល្អ និងទណ្ឌកម្មអន្តរជាតិ ប៉ុន្តែវាបានវិវត្តទៅជាការទាមទារឲ្យមានការកែទម្រង់នយោបាយ និងសង្គមយ៉ាងធំ។
ពាក់ព័ន្ធនឹងបញ្ហានៅប្រទេសអ៊ីរ៉ង់លើកនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានចេញសារព្រមានធ្ងន់ៗទៅកាន់ទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងការប្រើប្រាស់ហិង្សារហូតដល់មានការបង្ហូរឈាមផងដែរ។ លោកត្រាំ ប្រាប់ថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេច ហើយនឹង«ចូលទៅជួយសង្គ្រោះ» ប្រជាជនអ៊ីរ៉ង់ បើរដ្ឋាភិបាលតេហេរ៉ង់នៅតែបន្តប្រើប្រាស់កម្លាំងបាយសម្លាប់បាតុករអហិង្សា។ យ៉ាងណាមិញ មន្ត្រីអ៊ីរ៉ង់បានច្រានចោល ហើយអះអាងថាបាតុកម្មនេះជា «កុបកម្ម» ដែលបង្កឡើងដោយបរទេស និងបានព្រមានថា ការជ្រៀតជ្រែកណាមួយរបស់អាមេរិក នឹងធ្វើឲ្យមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ក្លាយជា «គោលដៅវាយប្រហារស្របច្បាប់»៕