អាមេរិកសង្កត់ធ្ងន់ឱ្យម៉ិកស៉ិក ប្រឹងប្រែងថែមទៀត លើការដោះស្រាយបញ្ហាសន្តិសុខព្រំដែន

(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសម៉ិកស៉ិក លោក Juan Ramon de la Fuente និងរដ្ឋមន្រ្តីការរបរទេសអាមេរិក លោក Marco Rubio បានជជែកគ្នាអំពីសន្តិសុខ និងបញ្ជាក់ជាថ្មីនូវសារៈសំខាន់នៃភាពជាដៃគូសហរដ្ឋអាមេរិក-ម៉ិកស៉ិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម X ការិយាល័យកិច្ចការអឌ្ឍគោលខាងលិចនៃក្រសួងការបរទេស សហរដ្ឋអាមេរិកបានបញ្ជាក់ទៅកាន់ម៉ិកស៉ិកថា ការដោះស្រាយបានបន្តិចម្តងៗ ចំពោះបញ្ហាប្រឈមសន្តិសុខព្រំដែន គឺមិនអាចទទួលយកបាន ហើយកិច្ចសហការទ្វេភាគីនាពេលខាងមុខ តម្រូវឱ្យមានលទ្ធផលជាក់ស្តែង ដើម្បីរុះរើបណ្តាញភេរវករគ្រឿងញៀន និងកាត់បន្ថយការជួញដូរថ្នាំ fentanyl។

រដ្ឋមន្រ្តីការបរទេសទាំងពីរ បានសង្កត់ធ្ងន់លើតម្រូវការសកម្មភាពបន្ត តាមរយៈក្រុមការងារអនុវត្តសន្តិសុខទ្វេភាគី ដែលគ្រោងជួបប្រជុំគ្នានាថ្ងៃទី២៣ ខែមករាខាងមុខ។ ក្រុមនេះត្រូវបានគេរំពឹងថា នឹងផ្តោតលើលទ្ធផលទប់ទល់ ជាមួយអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងដើម្បីទប់ស្កាត់លំហូរថ្នាំ fentanyl និងអាវុធឆ្លងកាត់ព្រំដែនរួម។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាននិងកំពុងជំរុញការពារព្រំដែនភាគខាងត្បូងរបស់ខ្លួន ជាមួយម៉ិកស៉ិក ដែលរដ្ឋបាលលោក ត្រាំ ចោទប្រកាន់ពីការបង្កបញ្ហាសន្តិសុខ រាប់ចាប់ពីអន្តោប្រវេសន៍ រហូតដល់ការរត់ពន្ធថ្នាំញៀនខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង