បេក្ខជន​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​​ភឿថៃ ​បាន​​​​​​​រិះគន់រដ្ឋាភិបាល​​ដឹកនាំ​ដោយ​​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក អានុទីន ឆានវីរៈគុល

បេក្ខជន​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​​ភឿថៃ ​បាន​​​​​​​រិះគន់រដ្ឋាភិបាល​​ដឹកនាំ​ដោយ​​នាយករដ្ឋមន្ត្រី​ចាំផ្ទះ លោក អានុទីន ឆានវីរៈគុល​ និងស្ថាប័នរៀបចំការបោះឆ្នោតលើការធ្វើប្រជាមតិ​​​​​សំដៅ​​​​ធ្វើវិសោធន​​កម្ម​​​រដ្ឋធម្មនុញ្ញ​ដ៏ចម្រូង​ចម្រាស​របស់​ប្រទេស​ថៃដែល​គេ​ដឹងថា លម្អៀង​ទៅរក​អំណាច​យោធា​និង​ស្ថាប័នរាជបល្ល័ង្ក​​។

សារ​ព័ត៌មានថៃ​ Khaosod English ​ចេញផ្សាយ​នៅថ្ងៃទី​១៩ខែ​មករា​នេះ​ ដោយ​​​ស្រង់សម្តី​​លោក Somkid Cheukong បេក្ខជនតំណាង​រាស្រ្តនៃ​គណបក្សភឿថៃ ដែល​បានរិះគន់រដ្ឋាភិបាល​របស់​លោក​អានុទីន និងគណៈកម្មការរៀបចំការបោះ​ឆ្នោត​ថា ​​ពួក​គេ​​ការបរាជ័យតាំងពីដំបូងក្នុងការបន្តធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​យ៉ាង​ពិតប្រាកដ​ ដោយចោទប្រកាន់ពួកគេថាបានរៀបចំអ្វីដែលលោកហៅថាជា «ពិធី»​ ដើម្បីបោកបញ្ឆោតសាធារណជន។

តាមសម្រង់សម្តី​នោះ លោក Somkid បាននិយាយថា នៅសល់ពេលតិចជាង​២០ថ្ងៃទៀត មុនពេលអ្នកបោះឆ្នោត​ថៃទូទាំងប្រទេសនឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយអំពីអនាគតរបស់ប្រទេស រួមទាំងការបោះឆ្នោតជ្រើសរើសសមាជិកសភា និងការធ្វើប្រជាមតិលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧។

​ចំណុច​ដែលបេក្ខជន​តំណាងរាស្រ្ត​នៃគណបក្ស​ភឿថៃ​ចោទ​ប្រកាន់នោះ​ គឺ​នៅត្រង់ថា​ ប្រជាជនថៃ​​ជាច្រើននៅតែមិនដឹងថា នៅថ្ងៃទី៨ខែកុម្ភៈ ក្រៅពីការបោះឆ្នោតក្នុងការបោះឆ្នោតទូទៅ​ជ្រើស​រើស​តំណាងរាស្រ្ត​ ពួកគេក៏នឹងត្រូវបានស្នើសុំឱ្យបោះឆ្នោតក្នុងការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញផងដែរ។

​តាមការ​ចុះ​ផ្សាយ​​ដដែលនោះ ​​លោក Somkid បាននិយាយថា ក្នុងអំឡុងពេលទស្សនកិច្ចសហគមន៍ក្នុងតំបន់ លោកមានការភ្ញាក់ផ្អើលដែលបានរកឃើញថា មនុស្សជាច្រើនបាននិយាយថា ពួកគេមិនដឹងអំពីការធ្វើប្រជាមតិនោះទេ។

លោក Somkid បាននិយាយថា ទាំងរដ្ឋាភិបាល និងគណៈកម្មការរៀបចំការបោះឆ្នោត ដែលទទួលខុសត្រូវដោយផ្ទាល់​ចំពោះការរៀបចំការបោះឆ្នោត បានបរាជ័យក្នុងការផ្តល់អាទិភាពដល់ការយល់ដឹងរបស់សាធារណជន ទោះបីជាមានថវិកាច្រើនក៏ដោយ។ លោក​បាន​និយាយ​ថា គ្មាន​យុទ្ធនាការ​សាធារណៈ ឬ​ការ​ផ្សព្វផ្សាយ​ដែល​មាន​អត្ថន័យ​ណាមួយ​ដើម្បី​ពន្យល់​ពី​របៀប​ដែល​ការ​ធ្វើ​ប្រជាមតិ​​កែប្រែរដ្ឋធម្មនុញ្ញនោះ​នឹង​ដំណើរការ ឬ​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​នោះ​ទេ ក្រៅពី​ការ​ចែកចាយ​សៀវភៅ​ក្រាស់ៗ​ដល់​គ្រួសារ​នានា។

​ប្រទេសថៃ​​បាន​ធ្លាក់​ចុះ​ទៅក្នុងវិបត្តិ​រដ្ឋធម្មនុញ្ញ​ចាប់តាំងពី​​​ប្រទេសនេះ​បាន​ប្រឈម​រដ្ឋ​ប្រហារ​ជាច្រើន​លើក​ទម្លាក់រដ្ឋាភិបាលស៊ី​វិល​កើត​ចេញ​ពីការ​បោះឆ្នោត និងថែមទាំងបាន​​រា​​រាំង​​ដល់​ការ​ចូលកាន់​អំណាច​​របស់គណបក្ស​ឈ្នះឆ្នោត​ទៀតផង​។ រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ ដែលតាក់តែង​ឡើង​ដោយ​រដ្ឋាភិបាល​​យោធា​ដឹកនាំដោយ​នាយករ​​ដ្ឋមន្ត្រី ប្រាយុធ​ ចាន់អូចា ​​បាន​ផ្តល់​​អាទិភាព​​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ទៅ​កាន់ព្រឹទ្ធសភា​ដែល​​កើតចេញពីការតែងតាំង​និងមាន​​សមាជិក​២៥០រូប​មានសិទ្ធិ​​​ចូលរួម​បោះឆ្នោត​ជាមួយតំណាងរាស្ត្រ​៕​

អត្ថបទដែលជាប់ទាក់ទង