ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យការសាងសង់រោងស្នាក់នៅបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ
(ព្រះវិហារ)៖ កិត្តិសិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់រោងស្នាក់នៅបណ្តោះអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋានដើមវិញបាន នៅតាមបណ្ដាមណ្ឌលសុវត្ថិភាពនានា ក្នុងខេត្តព្រះវិហារ។
ក្នុងឱកាសនោះទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញពិនិត្យយ៉ាងលម្អិតទៅលើគុណភាព ស្តង់ដារ និងសុវត្ថិភាពនៃរោងស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងសួរសុខទុក្ខ និងស្តាប់សំណូមពរពីបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ តាមមណ្ឌលសុវត្ថិភាព ដើម្បីធានាថាការរៀបចំទីជម្រកស្នាក់អាស្រ័យ និងសេវាសង្គមមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែង និងមានភាពសមរម្យ។
លោកនាយឧត្តមសេនីយ៍ បានថ្លែងលើកឡើងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរងផលប៉ះពាល់ពីគ្រោះមហន្តរាយ និងស្ថានភាព អសន្តិសុខនានា ដោយបានដាក់ចេញនូវវិធានការបន្ទាន់ និងដំណោះស្រាយជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការលំបាក និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា រដ្ឋបាលខេត្តបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ ដើម្បីពន្លឿនការសាងសង់រោងស្នាក់នៅបណ្តោះអាសន្ន និងរៀបចំមណ្ឌលសុវត្ថិភាពឲ្យមានលក្ខណៈល្អប្រសើរ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋភៀសសឹក។
ការចុះពិនិត្យនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំជាតិ និងថ្នាក់ដឹកនាំខេត្ត ក្នុងការថែរក្សាសុវត្ថិភាព សុខុមាលភាព និងភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ៕
