ប្រទេសកូរ៉េខាងត្បូង ធានាលើការសន្យាវិនិយោគនៅអាមេរិក ក្រោយ ដូណាល់ ត្រាំ គំរាមដំឡើងពន្ធជាថ្មី​

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បាន​ផ្ដល់ការ​ធានាដល់សហរដ្ឋអាមេរិក​ថា ខ្លួននឹង​ប្ដេជ្ញា​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ដែលរួមបញ្ចូលទាំងការសន្យាវិនិយោគរាប់រយប៊ីលាន​ដុល្លារ​នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ គំរាមដំឡើងពន្ធជាថ្មី​លើរថយន្ត និងមុខទំនិញផ្សេងៗទៀត​របស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។​

កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា សភាកូរ៉េខាងត្បូង​បាន​បរាជ័យ​លើសន្យារបស់ខ្លួន ដោយមិនបានអនុម័ត​ឱ្យបាន​ឆាប់រហ័សលើ​កិច្ចព្រមព្រៀងដែលលោកបាន​សម្រេចឡើងកាលពីឆ្នាំមុន​ ជាមួយ​ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេ ម្យ៉ុង (Lee Jae Myung) ​ពាក់ព័ន្ធនឹងការវិនិយោគ​របស់កូរ៉េខាងត្បូង​នៅអាមេរិក ជាថ្នូរនឹងការបន្ថយពន្ធ។

ក្រោមសម្ពាធចុងក្រោយរបស់លោក ត្រាំ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ហើយនឹងបន្តចាត់វិធានការចាំបាច់​អនុវត្តជាក់ស្ដែង ដើម្បី​បញ្ចៀសពន្ធគយខ្ពស់របស់​អាមេរិក។

ឥឡូវនេះ ជំនួយការគោលនយោបាយសំខាន់របស់លោក លី ចេ ម្យ៉ុង បានរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយបណ្ដាមន្ត្រីជាន់ខ្ពស់ ហើយរដ្ឋមន្ត្រីឧស្សាហកម្ម ដែលបច្ចុប្បន្នកំពុងស្ថិតនៅ​កាណាដា ​រំពឹងថានឹងធ្វើទស្សនកិច្ចសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក​ លោក Howard Lutnick។

វិមានប្រធានាធិបតីកូរ៉េខាងត្បូង ក៏បាននិយាយផងដែរថា ប្រេសិតពាណិជ្ជកម្មជាន់ខ្ពស់កូរ៉េខាងត្បូង​ម្នាក់ នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។

ដោយឡែក​គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូងឯណោះវិញ បាននិយាយថា សេចក្តីព្រាងច្បាប់ចំនួន ៥ ដែលត្រូវការដើម្បីអនុម័តការវិនិយោគ​នៅ​សហរដ្ឋអាមេរិក កំពុងស្ថិតនៅ​ក្រោមការត្រួត​ពិនិត្យឡើងវិញរបស់គណៈកម្មាធិការ ហើយដោយមានការគាំទ្រពីគណបក្សប្រឆាំងផង​ សភា​នឹង​អាចអនុម័តវាបាន​នាពេលឆាប់ៗខាងមុខ ទោះបីជា​កាលបរិច្ឆេទបោះឆ្នោតសម្រេច​ មិនទាន់មាន​ក៏ដោយ​។

ជុំវិញបញ្ហា​នេះ អតីតអ្នកចរចាពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Choi Seok-young បាននិយាយថា ការគំរាមកំហែងពន្ធគយរបស់លោក ត្រាំ ហាក់ដូចជាចលនានយោបាយដែលមានគោលបំណងដាក់សម្ពាធលើកូរ៉េខាងត្បូង ឱ្យធ្វើសម្បទានក្នុងការចរចាពាណិជ្ជកម្ម​លើរបាំងមិនមែនពន្ធគយ។

គួររំឭកថា លោក ត្រាំ និងលោក លី បានព្រមព្រៀងគ្នាជាគោលការណ៍កាលពីខែកក្កដាឆ្នាំមុនថា កូរ៉េខាងត្បូងនឹងវិនិយោគ​គិតជាទឹកប្រាក់ ៣៥០ ប៊ីលាន​ដុល្លារ ទៅអាមេរិក​​ ​ទោះបីជាមានការព្រួយបារម្ភអំពីផលប៉ះពាល់លើសេដ្ឋកិច្ចកូរ៉េខាងត្បូងក៏ដោយ។

យ៉ាងណាមិញ លោក ត្រាំ បាន​និយាយកាលពីថ្ងៃចន្ទថា ​មកទល់ពេលនេះ សភាកូរ៉េខាងត្បូងមិនទាន់បានអនុម័តកិច្ចព្រមព្រៀង​នៅឡើយ​ទេ ហើយបានប្រកាសថា លោកនឹងដំឡើងពន្ធលើរថយន្ត ឈើ ឱសថ និងទំនិញផ្សេងទៀតរបស់កូរ៉េខាងត្បូងពីត្រឹម ១៥% ដល់ ២៥%។ លោកមិនបានបញ្ជាក់ថាតើពន្ធថ្មីនេះ នឹងចូលជាធរមាននៅពេលណានៅឡើយទេ។ ​

គេមើលឃើញថា ការនាំចេញរបស់កូរ៉េខាងត្បូងបានឈានដល់កំណត់ត្រាខ្ពស់ ៧០៩,៤ ប៊ីលាន​ដុល្លារ កាលពីឆ្នាំ ២០២៥ ដោយ​ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិក រួមចំណែកប្រមាស ១២២,៩ ប៊ីលាន​ដុល្លារ ដែលធ្វើឱ្យអាមេរិក​ក្លាយជា​ទីផ្សារធំទី២​របស់កូរ៉េខាងត្បូង បន្ទាប់ពីចិន។

ការនាំចេញរថយន្តរបស់កូរ៉េខាងត្បូង ទៅកាន់សហរដ្ឋអាមេរិក មានចំនួន ៣០,២ ប៊ីលានដុល្លារ។ ​ពន្ធខ្ពស់របស់ ត្រាំ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន Hyundai Motor និង Kia ​ខ្លាំងជាងគេ​៕ ​

អត្ថបទដែលជាប់ទាក់ទង