រដ្ឋបាលខេត្តកែប បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ផ្តោតលើប្រធានបទចំនួន៤
(កែប)៖ រដ្ឋបាលខេត្តកែប បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកែប ក្រោមអធិបតីភាពលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយចូលរួមពីជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ នៅជុំវិញខេត្ត ប្រមាណ ៣០០នាក់។
នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអនុវត្ត នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងរយៈពេលពេញ ១ឆ្នាំ២០២៥ កន្លងទៅនេះបានយ៉ាងល្អប្រសើរ។
សម្រាប់អង្គសន្និបាតនាពេលនេះ មានគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយពីសមិទ្ធផល និងលទ្ធផលនានានៃការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តធៀបទៅ និងផែនការប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ខ្សោយ និងបញ្ហាប្រឈមនានា ដែលបានជួបប្រទះនាឆ្នាំកន្លងមក និងពិភាក្សាដាក់ចេញនូវទិសដៅជាអាទិភាព សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ សំដៅឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងមូលដ្ឋាន អង្គសន្និបាតបានយកប្រធានបទចំនួន៤ ដែលរួមមាន៖
*១- ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
*២- ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
*៣- ការពង្រឹងស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យា។
*៤- ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ ការអភិវឌ្ឍខេត្ត និងការអភិវឌ្ឍវិស័យទេសចរណ៍។ ប្រធានបទទាំង៤ខាងលើនេះនឹងឆ្លុះបញ្ចាំងនូវសកម្មភាពការងារជាក់ស្តែង និងបញ្ហាប្រឈមនានា ដែលនៅសេសសល់ ដែលត្រូវយកចិត្តទុកដាក់បន្ត អនុវត្តក្នុងឆ្នាំ២០២៦។
លោកអភិបាលខេត្ត បានស្នើអង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់បន្ថែម ដើម្បីជាធាតុចូល ក្នុងការពង្រឹងការអនុវត្តទិសដៅរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២៦ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាពស្របតាម គោលនយោបាយកំណែទម្រង់ស៊ីជម្រៅនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
តាមរយៈអង្គសន្និបាតនេះ លោកអភិបាលខេត្ត សង្ឃឹមថានឹងទទួលបាននូវធាតុចូលសំខាន់ៗបន្ថែមទៀតពីការធ្វើបទបង្ហាញ និងការផ្តល់អនុសាសន៍នានា ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត ក្នុងសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខេត្ត ឆ្លុះបញ្ចាំងអំពីការអនុវត្តតួនាទី ភារកិច្ច ការផ្លាស់ប្ដូរ ដកស្រង់បទពិសោធន៍ការងារ ពីគ្នាទៅវិញទៅមក សម្រាប់ជាមូលដ្ឋានធ្វើការពិនិត្យពិចារណាកែលម្អ សំដៅលើកកម្ពស់សមត្ថភាព គុណភាព ការងារឱ្យកាន់តែល្អប្រសើរ៕
