កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
(ភ្នំពេញ)៖ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ។ ការប្តេជ្ញាបានធ្វើឡើង ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជិញ (PHAM Minh Chinh)នាយករដ្ឋមន្ត្រីវៀតណាម នៅវិមាន៧មករា នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងជំនួបនោះ សម្ដេចមហាបវរធិបតី បានសម្ដែងក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោក ផាម មិញជិញ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលបីគណបក្សលើកទី៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកិច្ចប្រជុំលើកទី៣ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតរវាងប្រទេសទាំងពីរ នាពេលកន្លងមក សំដៅការជំរុញនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលស្របទៅនឹងទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង»។
ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត លេីវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ នយោបាយការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិនិងសន្តិសុខ, ថាមពល, អប់រំ និងបណ្តុះបណ្តាល, ទេសចរណ៍, វប្បធម៌ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសការតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ រវាងប្រទេសទាំងពីរ។ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ ២០ពាន់លានដុល្លារ នាពេលខាងមុខ និងជំរុញកិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដេីម ដេីម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយ នៃប្រទេសទាំងពីរ ឱ្យស្វែងយល់ពីគ្នា ក៏ដូចជាសិក្សាអំពីប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្លាប់ឆ្លងកាត់៕
