ព្រះរាជសារ៖ ព្រះមហាក្សត្រ ប្រឈួនកំពុងគង់ប្រថាប់ពិនិត្យ សុខភាពនៅមន្ទីរពេទ្យ ទ្រង់ប្រគល់ភារកិច្ចជូន សម្តេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមជាប្រមុខរដ្ឋ ទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ជាមិត្ត នៅក្នុងព្រះបរមរាជវាំង មានពិធីស្វាគមន៍ផ្លូវរដ្ឋ និងពិធីសវនាការផ្លូវរដ្ឋនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញព្រះរាជសារលិខិតថ្មីមួយ ដោយមានព្រះរាជបន្ទូលថា នៅពេលនេះព្រះអង្គ ប្រឈួនកំពុងគង់បប្រថាប់ពិនិត្យសុខភាពនៅមន្ទីរពេទ្យ ទ្រង់ប្រគល់ភារកិច្ចជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងព្រះបរមនាមជាប្រមុខរដ្ឋ ទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ជាមិត្ត នៅក្នុងព្រះបរមរាជវាំង មានពិធីស្វាគមន៍ផ្លូវរដ្ឋ និងពិធីសវនាការផ្លូវរដ្ឋនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។
ព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រមានខ្លឹមសារទាំងស្រុងថា៖
– សូមក្រាបថ្វាយបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់
– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំប្រឈួនហើយកំពុងគង់ប្រថាប់ពិនិត្រព្រះរាជសុខភាពនៅក្នុងមន្ទីរពេទ្យ ពុំអាចបំពេញព្រះរាជកិច្ចបានស្របពេល ដែលគណៈប្រតិភូជាន់ខ្ពស់នៃបណ្តាប្រទេសជាមិត្ត មានគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
យោងតាមមាត្រា១១ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានប្រោសព្រះរាជទាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ទទួលក្នុងព្រះបរមនាមជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ជាមិត្តខាងលើ នៅក្នុងព្រះបរមរាជវាំង មានពិធីស្វាគមន៍ផ្លូវរដ្ឋនៅមុខព្រះទីនាំងទេវាវិនិច្ឆ័យ និងពិធីសវនាការផ្លូវរដ្ឋនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យផងដែរ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយព្រះពរ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនព្រះពរព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា ដោយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
