រដ្ឋមន្រ្តីនៅព័រទុយហ្កាល់លាលែងពីតំណែង ក្រោយរងការរិះគន់ជុំវិញកិច្ចប្រឹងប្រែងឆ្លើយតបព្យុះ

(លីសបោន)៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសព័រទុយហ្កាល់ លោកស្រី Lucia Amaral បានសម្រេចលាលែងចេញពីតំណែង ក្រោយទទួលរងការរិះគន់ពីសំណាក់ក្រុមបក្សប្រឆាំង និងសហគមន៍តាមមូលដ្ឋាន ដោយសារតែអ្វីដែលពួកគេមើលឃើញថា ជាកិច្ចប្រឹងប្រែងឆ្លើយតបមួយ ដែលយឺតយ៉ាវនិងបរាជ័យ ចំពោះការវាយប្រហារដោយព្យុះកាលពី២សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។

កាលពីយប់ថ្ងៃអង្គារ ការិយាល័យប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa បាននិយាយថា រូបលោក​ទទួលយកការលាលែងពីតំណែងរបស់លោកស្រី Amaral តបតាមសំណើរបស់នាយករដ្ឋមន្រ្តី លោក Luis Montenegro។ បើតាមការិយាល័យប្រធានាធិបតីព័រទុយហ្កាល់ លោក Montenegro នឹងគ្រប់គ្រងដឹកនាំក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន រហូតទាល់តែរដ្ឋមន្រ្តីថ្មី ត្រូវបានតែងតាំង។

ព្យុះខ្លាំងក្លាមួយឈ្មោះថា Kristin បានបោកបក់លើភាគកណ្តាលប្រទេសព័រទុយហ្កាល់ កាលពីចុងខែមករា ជាមួយកម្លាំងខ្យល់ជាង​២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយភ្លៀងធ្លាក់ខ្លាំង ដែលវានាំមកជាមួយ បានបង្កការបំផ្លិចបំផ្លាញចំពោះលំនៅដ្ឋានរាប់ពាន់ខ្នង រួមជាមួយ​រោងចក្រ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ព្រមទាំងបានផ្តាច់ជីវិតមនុស្សយ៉ាងហោច៦នាក់។ រដ្ឋាភិបាលបានវាយតម្លៃថា ថវិកាជាង៤ពាន់លានអឺរ៉ូ គឺត្រូវការសម្រាប់កិច្ចប្រឹងប្រែងជួសជុលស្ថាបនាឡើងវិញ។

គួរបញ្ជាក់ថា ព័រទុយហ្កាល់ក៏ដូចជាអេស៉្បាញ ប៉ុន្មានសប្តាហ៍ចុងមកនេះ បានប្រឈមជាមួយព្យុះជាបន្តបន្ទាប់។ ក្រោយការវាយប្រហារធ្ងន់ធ្ងរពីព្យុះ Kristin ព្យុះបន្តបន្ទាប់ទៀតដូចជា Leonardo និង Marta ក៏បាននាំមកនូវការធ្លាក់ភ្លៀងនិងខ្យល់បោកបក់ខ្លាំង រួមជាមួយការជន់លិចនិងខូចខាតថែមទៀតផងដែរ។ សម្រាប់នាពេលនេះវិញ ព័រទុយហ្កាល់ ក៏កំពុងរងឥទ្ធិពលដោយប្រយោលពីព្យុះមួយទៀតឈ្មោះ Nils ផងដែរ ប៉ុន្តែវាមិនត្រូវបានរំពឹងថា នឹងបោកបក់ចំផ្ទាល់លើព័រទុយហ្កាល់ទេ៕

អត្ថបទដែលជាប់ទាក់ទង