លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់​បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ

កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ ២០២៦ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​មក​មន្ទីរពេទ្យ​កុមារ​ជាតិ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​វះកាត់​បេះដូង​កុមារ ដែល​ជា​កិច្ច​សហ​ប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​កុមារ​ជាតិ និង​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA)។ គម្រោង​ដ៏​វិសេសវិសាល​នេះ ត្រូវ​បាន​បង្កើត​ឡើង និង​អនុវត្ត​ក្នុង​គោលបំណង​ជួយ​ព្យាបាល​ដល់​កុមារ​ទាំងឡាយ​ដែល​មាន​ជំងឺ​បេះដូង​ពី​កំណើត រួម​ទាំង​ជំងឺ​បេះដូង​ផ្សេងៗ តាមរយៈ​ព្យាបាល​វះកាត់​ដោយ​មិន​គិត​ថ្លៃ ដើម្បី​ផ្តល់​មកវិញ​នូវ​សុខុមាលភាព និង​ជីវិត​ដ៏​ត្រចះត្រចង់។ គម្រោង​នេះ ក៏​ជួយ​បណ្ដុះបណ្ដាល​បន្ថែម​តាមរយៈ​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​ទៅវិញទៅមក​រវាង​វេជ្ជបណ្ឌិត​កម្ពុជា និង​វេជ្ជបណ្ឌិត​អាមេរិក ការ​ជួយ​ទ្រទ្រង់​ផ្នែក​ឧបករណ៍​បច្ចេកទេស​វះកាត់ និង​ការ​ជួយ​គាំទ្រ​ផ្នែក​ស្មារតី​គ្នា​ជាដើម។

ឆ្លៀត​ក្នុង​វេលា​នេះ លោកជំទាវ​បណ្ឌិត បាន​អញ្ជើញ​សួរ​សុខទុក្ខ​កុមារ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ ដោយ លោកជំទាវ​បណ្ឌិត បាន​ភ្ជាប់​មក​ជាមួយ​ប្រសាសន៍​សួរសុខទុក្ខ និង​ជូនពរ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ផង​ដែរ។ លោកជំទាវ​បណ្ឌិត ថែមទាំង​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិក​មន្ទីរពេទ្យ រួម​ទាំង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​របស់​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក (CHPAA) ដែល​កំពុង​បម្រើការ​ក្នុង​គម្រោង​នេះ។

ជា​ក្តី​ថ្លែងអំណរគុណ លោកជំទាវ​បណ្ឌិត សូម​អរគុណ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ប្រកប​ដោយ​គុណភាព និង​ក្តី​ស្រឡាញ់​ដល់​កុមារ​កម្ពុជា និង​សូម​ជូនពរ​ឲ្យ​គម្រោង​វះកាត់​បេះដូង​កុមារ ដំណើរការ​ដោយ​រលូន និង​ជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង