សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរលោកប្រធានាធិបតី ស៉ី ជីនពីង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូនពរលោក ស៉ី ជីនពីង (Xi Jinping) ប្រធានាធិបតី និងជាអគ្គលេខាធិការគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដ៏រីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា៖ «ក្នុងឱកាសដ៏រីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ឆ្នាំមមី ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំង សូមសម្តែងនូវវន្ទនាការដ៏កក់ក្តៅបំផុត និងសូមជូនសព្ទសាធុការពរ ជូនឯកឧត្តម បក្សកុម្មុយនីស្តចិន និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន។

ខ្ញុំជឿជាក់ថា ឆ្នាំថ្មី ឆ្នាំមមីនេះ នឹងនាំមកនូវភាពរុងរឿងដល់មិត្តភាពដែកថែបរវាងប្រទេស រដ្ឋាភិបាល បក្ស និងប្រជាជនយើងទាំងពីរ និងផ្តល់នូវកម្លាំងជំរុញថ្មីដល់កិច្ចសហប្រតិបត្តិការភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈដែលយើងកំពុងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។

សូមឆ្នាំថ្មីនេះនាំមកជូន ឯកឧត្តម នូវសុខភាពល្អ សុភមង្គល និងជោគជ័យកាន់តែធំធេងថែម ទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម និងជនរួមជាតិឯកឧត្តមនូវសុខុមាលភាព និងវិបុលភាពបន្ថែមទៀត។

សូម ឯកឧត្តម ទទួលយកនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕

អត្ថបទដែលជាប់ទាក់ទង