សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត៖ សង្ឃឹម​ថា​ប្រទេស​កម្ពុជា​នឹង​ឆ្លង​ផុត​ការ​លំបាក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ

ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​សង្ឃឹម​ថា​ស្ថាន​ការ​លំបាក​ទាំង​ឡាយ​នឹង​ផុត​រលត់​ទៅ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​ ធ្វើ​ឱ្យ​កម្ពុជា​បោះជំហាន​ទៅ​មុខ​រឹង​មាំ​ដោយ​ស្មារតី​សាមគ្គីភាព​។

ក្នុង​សារ​លិខិត​ក្នុង​ឱកាស​ទិវា​ជាតិ​ សុខភាព​មាតា និង​ទារក ចុះ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៦ សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​កងទ័ព ព្រមទាំង​ក្រុម​គ្រូពេទ្យ​ទាំង​អស់​ដែល​បាន​លះបង់​ការពារ​អធិបតេយ្យ​ជាតិ ការពារ​អាយុជីវិត​ពលរដ្ឋ​ ជា​ពិសេស​ជន​ភៀស​សឹក​នៅ​តាម​ជំរំ​ភៀស​សឹក​នានា​។

សម្ដេច​ថា៖ «ប្រការ​ទាំង​អស់​នេះ បាន​បង្ហាញ​ឱ្យ​យើង​ទាំង​អស់​គ្នា​យល់​ច្បាស់​ពី​គុណ​តម្លៃ​នៃ​សន្តិភាព គុណ​តម្លៃ​នៃ​កម្លាំង​សាមគ្គីភាព​ជា​ធ្លុង​មួយ​ ពួត​ដៃ​គ្នា​យ៉ាង​រឹង​មាំ​ដើម្បី​ជាតិ​មាតុភូមិ​យើង»

ក្នុង​ឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៦ សម្ដេច​បាន​លើក​ឡើង​ថា​ដើម្បី​ឈាន​ដល់​សម្រេច​បាន​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់។ ពលរដ្ឋ​គ្រប់​រូប​ក៏​ដូច​ជា​រដ្ឋាភិបាល​ត្រូវ​រួម​គ្នា​វិនិយោគ​ធនធាន និង​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់​ ប្រព័ន្ធ​ថែ​ទាំ​សុខភាព និង​សេវា​ថែ​ទាំ​សុខភាព​ជា​សកល​ ដោយ​ចាត់​ទុក​ពលរដ្ឋ​ជា​ទ្រព្យ​ធន​យុទ្ធសាស្ត្រ។

សម្ដេច​ថា​៖ «អនាគត​ប្រទេសជាតិ​យើង​ ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ទារក​ កុមារ និង​យុវជន ជំនាន់​ក្រោយ​នេះ​ហើយ​! ដូចនេះ យើង​ត្រូវ​តែ​នាំ​គ្នា​ថែ​ទាំ​ពួកគាត់​ឱ្យ​បាន​ល្អ​ជា​ទី​បំផុត»

​សម្ដេច​សង្ឃឹម​ថា​ប្រទេស​កម្ពុជា​នឹង​ឆ្លង​ផុត​ការ​លំបាក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ និង​អាច​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​រឹង​មាំ​ដោយ​ស្មារតី​សាមគ្គីភាព និង​ជួយ​ដល់​ការ​លើក​កម្ពស់​សុខភាព​មាតា និង​ទារក​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ បន្ត​ស្ថិត​នៅ​ជា​ស្មារតី​របស់​ពលរដ្ឋ​ម្នាក់​ៗ​ក្នុង​ការ​ចូលរួម​ចំណែក​ដើម្បី​ឧត្ដម​ប្រយោជន៍​ជាតិ​មាតុភូមិ​៕

អត្ថបទដែលជាប់ទាក់ទង