នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi គ្រោងបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល នាថ្ងៃពុធសប្តាហ៍នេះ

(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi គ្រោងបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល នាថ្ងៃពុធសប្តាហ៍នេះ ដោយលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu បានប្រកាសចាត់ទុកថា ទស្សនកិច្ចនេះនឹង​ជួយ​ដល់ការបង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ដើម្បី​ទប់ទល់​ជាមួយ​សត្រូវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

ក្នុងពិធីបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ លោក Netanyahu បានឱ្យដឹងថា «លោក Modi នឹងត្រូវថ្លែងសុន្ទរកថាមួយទៅកាន់សភាអ៉ីស្រាអែល»។ ដោយនិយាយពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ការទូត និងសេដ្ឋកិច្ច លោក Netanyahu ថា «ចំណង​មិត្តភាព​ឥណ្ឌា-អ៉ីស្រាអែល គឺ​កាន់តែ​ស្អិតរមួត​»

តាមលោក Netanyahu នឹងមានការបង្កើតក្រុមសម្ព័ន្ធមិត្តមួយ នៅជុំវិញ ឬក្នុងមជ្ឈិមបូព៌ា ក្នុងគោលបំណងប្រមូលផ្តុំប្រទេសដែលមានចិត្តគំនិតដូចគ្នា ប្រឈមមុខជាមួយគ្នា និងប្រយុទ្ធប្រឆាំងសត្រូវ។ នៅលើបណ្តាញសង្គម X លោក Modi បានបង្ហោះសារមួយថា លោកក៏កំពុងទន្ទឹងរង់ចាំពិភាក្សា ជាមួយអ៉ីស្រាអែលផងដែរ។

គួរបញ្ជាក់ថា លោក Modi ធ្លាប់ធ្វើទស្សនកិច្ចនៅអ៉ីស្រាអែល ក្នុងនាមជានាយករដ្ឋមន្រ្តី កាលពីឆ្នាំ ២០១៧ ក្រោយមកលោក Netanyahu បានធ្វើទស្សនកិច្ចនៅឥណ្ឌា នាឆ្នាំ ២០១៨៕

 

អត្ថបទដែលជាប់ទាក់ទង