ក្រសួងបរិស្ថាន ថ្កោលទោសចំពោះបុគ្គលដែលគប់គិតគ្នាចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ នៅស្រុកស្រែអំបិល ខេត្តកោះកុង
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានធ្វើការថ្កោលទោសចំពោះបុគ្គល ដែលបានគប់គិតគា្នធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ក្នុងភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលជាតំបន់ការពារធម្មជាតិ និងជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយសកម្មភាពនេះជាអំពើខុសច្បាប់។
ក្រសួងបរិស្ថាន បានបញ្ជាក់ថា មាត្រា៣៨៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់ចំណុច គ បានបញ្ញត្តិថា ការកាប់ ផ្ដួល រំលំ គៀវ កាប់បំផ្លាញដើមឈើ បំពុល ឬគាស់រម្លើងគល់ឈើ និងត្រង់ចំណុច ឍ បានបញ្ញត្តិថា ការចាក់លុប ឬចាក់បំពេញដី ដែនទឹក ផ្ទៃរងទឹកភ្លៀង ផ្លូវទឹក បឹងធម្មជាតិ ដីសើម តំបន់ទំនាប ទឹកផុសក្រោមដី ឬ អាងទឹក ដោយគ្មានការអនុញ្ញាត ត្រូវបានហាមឃាត់ក្នុងតំបន់ការពារធម្មជាតិ។
មាត្រា៣៨៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ បានបញ្ញត្តិថា បុគ្គលពុំមានសិទ្ធិផ្តល់ការអនុញ្ញាត ទោះដោយផ្ទាល់ក្តីឬដោយប្រយោលក្តីឲ្យរានដីព្រៃ កាន់កាប់ដី កាប់ដើមឈើ ចាប់សត្វព្រៃគ្រប់ប្រភេទ ឬធ្វើសកម្មភាពគ្រប់យ៉ាង ដើម្បីប្រមូលផល អនុផលធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ដែលផ្ទុយ នឹងបទប្បញ្ញត្តិនៃក្រមនេះ។
ការគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ដោយពុំមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលត្រូវបានចាត់ទុកថាជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០,០០០ (មួយរយលាន) រៀល ទៅ៥០០,០០០,០០០ (ប្រាំរយលាន) រៀល ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ដ ន មាត្រា៨៥០ និងជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ ចំពោះបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើសនឹងចំណុច ច នៃមាត្រា៨៥១។
ក្រសួងបរិស្ថាន សូមប្រកាសថ្កោលទោស និងធ្វើការអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្ត បទល្មើសធនធានធម្មជាតិ គប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិ ដោយគ្មានការអនុញ្ញាត៕
