លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យយុវជនចូលរួមគូរ ឬផាត់ពណ៌គំនូរ ដែលបង្ហាញពីការឈ្លានពានរបស់ថៃលើកម្ពុជា ដើម្បីចងចាំទុកជាប្រវត្តិសាស្រ្ត

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានជំរុញឱ្យយុវជនកម្ពុជាចូលរួមគូរ ឬផាត់ពណ៌គំនូរ ដែលបង្ហាញពីការឈ្លានពានរបស់ថៃលើកម្ពុជា ដើម្បីឱ្យក្មេងៗ យុវជនជំនាន់ក្រោយចងចាំនូវការឈឺចាប់នេះ ទុកជាប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបានឡើយ។

ការស្នើរបស់លោកជំទាវបណ្ឌិតខាងលើ ធ្វើឡើងនៅក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិទីស្នាក់ការកណ្តាល និងសាខាទាំង២៥ ព្រមទាំងប្រធានកិត្តិយស ទីប្រឹក្សា និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ១៦២នាក់ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា «ខ្ញុំសូមជំរុញ ក៏ដូចជាស្នើដល់កាកបាទក្រហមកម្ពុជា ស.ស.យ.ក ជាដើម ដឹកនាំយុវជនយើងចូលរួមគូររូប ឬក៏ផាត់ពណ៌បន្តិចបន្តួចក៏បានលើផ្ទាំងគំនូរ ដែលគូរដោយក្រុមវិចិត្រករជាច្រើនរូប ដើម្បីឱ្យយុវជនយើងបានឃើញផ្ទាល់ភ្នែក យល់ច្បាស់ពីការឈឺចាប់ និងចងចាំនូវការឈ្លានពានយ៉ាងសាហាវឃោរឃៅរ បស់ថៃមកលើកម្ពុជា ទុកជាប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបានឡើយ ហើយត្រូវចងចាំថា មានតែយើងសាមគ្គីគ្នាប៉ុណ្ណោះ ទើបអាចជំនះនូវការលំបាកទាំងអស់នេះបាន»

ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ (ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប) និងក្រុមប្រតិបត្តិនៅថ្នាក់កណ្តាល ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី រួមជាមួយការអនុវត្តផែនការក្រៅអាទិភាពជួយផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងតំបន់ប្រឈមខ្ពស់ និងតាមមណ្ឌលសុវត្ថិភាព។

លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះសាខានៃបណ្តាខេត្តផ្សេងៗទៀត ដែលបានកៀរគរមូលនិធិ គ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រាលការលំបាកជីវភាពប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ក្នុងបូរណដែនខេត្តរបស់ខ្លួនផងដែរ។

សូមជម្រាបថា ផ្ទាំងគំនូរធំទី២បន្ទាប់ពីខេត្តសៀមរាប បានរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «រូបគំនូរសិល្បៈដើម្បីសន្តិភាព» ដែលបានចាប់ផ្តើមគូរតាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយក្រុមវិចិត្រករជាច្រើនរូប នៅវេណមុខវត្តបទុមវតី រាជធានីភ្នំពេញ។ ផ្ទាំងគំនូរដ៏ធំនេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៣៥ម៉ែត្រ និងគ្រោងចំណាយពេលសរុបប្រមាណ១០ថ្ងៃ ដើម្បីបញ្ចប់ការគូរ។

សិល្បៈគំនូរនេះ បង្ហាញនូវស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក ជាពិសេសក្នុងបរិបទជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាង។ ជាមួយគ្នានេះ តាមរយៈផ្ទាំងគំនូរសិល្បៈ ដែលត្រូវបានគូរដោយវិចិត្រករខ្មែរ ក៏ជាការបង្ហាញថាប្រជាជនកម្ពុជាយល់ច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព ហើយកម្ពុជាគាំទ្រការដោះស្រាយដោយសន្តិវិធី និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង