លោក Starmer បើកដៃឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស ដើម្បីវាយប្រហារប្រឆាំងមីស៊ីលអ៉ីរ៉ង់
(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយកាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ថាប្រទេសរបស់លោកបានទទួលយកសំណើមួយរបស់អាមេរិក ដែលស្នើសុំប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស សម្រាប់ការវាយប្រហារលើឃ្លាំងមីស៊ីល និងប្រព័ន្ធបាញ់មីស៊ីលរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងវីដេអូមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Keir Starmer បានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានស្នើសុំការអនុញ្ញាតដើម្បីប្រើប្រាស់មូលដ្ឋានទ័ព អង់គ្លេស…ហើយយើងបានសម្រេចចិត្តទទួលយកសំណើនេះដើម្បីរារាំងអ៉ីរ៉ង់កុំឱ្យបាញ់មីស៊ីលនៅទូទាំងតំបន់»។
លោក Starmer ក៏បានគូសបញ្ជាក់ឡើងវិញដែរពីគោលជំហររបស់ចក្រភពអង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលដែល បានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃសៅរ៍នោះទេ ហើយអង់គ្លេសនឹងមិនចូលរួមក្នុងការវាយប្រហារថ្មីៗនោះដែរ។ ប៉ុន្តែលោកបាននិយាយថាអ៉ីរ៉ង់ បានសងសឹកតាមរយៈការវាយប្រហារនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយក្នុងនោះមានមីស៊ីលវាយប្រហារចំអាកាសយានដ្ឋាន និងសណ្ឋាគារជាទីដែលពលរដ្ឋអង់គ្លេសកំពុងស្នាក់នៅ៕