តម្លៃប្រេងអន្តរជាតិហក់ឡើងជាង ៧ភាគរយ រីឯតម្លៃមាសកើនជាង ១ភាគរយ ខណៈមជ្ឈិមបូព៌ាស្ថិតក្នុងជម្លោះយោធា
(មជ្ឈិមបូព៌ា)៖ តម្លៃប្រេងអន្តរជាតិ និងតម្លៃមាស នាថ្ងៃចន្ទ ទី២ ខែមីនា បានកើនឡើង ខណៈជម្លោះយោធានៅតំបន់មជ្ឈិមបូព៌ា ទំនងជាអូសបន្លាយពេលរាប់សប្តាហ៍ ដែលធ្វើឱ្យអ្នកវិនិយោគសម្រុកងាកទៅការធានាសុវត្ថិភាពពាក់ព័ន្ធនឹងប្រាក់ដុល្លារ ក៏ដូចជាមាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅ Brent មានតម្លៃ ៧៨.៣៤ដុល្លារក្នុងមួយបារ៉ែល ដោយបានកើនឡើង ៧.៥ភាគរយ ហើយប្រេងឆៅអាមេរិក មានតម្លៃ ៧១.៨៨ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៧.៣ភាគរយ។ ដោយឡែក តម្លៃមាសបានកើនឡើង ១.៥ភាគរយ គឺ ៥ ៣៥៨ដុល្លារក្នុងមួយអោន។
ការវាយប្រហារផ្នែកយោធារបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ គ្មានសញ្ញាថមថយទេ ខណៈបណ្តាប្រទេសអារ៉ាប់ កំពុងឆ្លើយតបនឹងការបាញ់មីស៉ីលពីអ៉ីរ៉ង់នៅទូទាំងតំបន់ ចំពេលមានក្តីបារម្ភដែលថាអាចនឹងអូសទាញ ឱ្យប្រទេសជិតខាងអ៉ីរ៉ង់ធ្លាក់ចូលទៅក្នុងជម្លោះដែរ។
តាមការបញ្ជាក់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់កាសែត Daily Mail ជម្លោះអាចអូសបន្លាយពេល ៤សប្តាហ៍ទៅមុខទៀត ដោយការវាយប្រហារនឹងបន្តរហូតដល់គោលបំណងអាមេរិកបានសម្រេច។ ឥឡូវនេះ ក្រសែភ្នែកគ្រប់ទិសទីកំពុងសម្លឹងទៅច្រកសមុទ្រ Hormuz ជាកន្លែងដែលមានលំហូរពាណិជ្ជកម្មប្រេង ប្រហែល ១ភាគ ៥នៃការដឹកជញ្ជូនប្រេងតាមផ្លូវសមុទ្រ និង ២០ភាគរយនៃឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោក។ ពេលដែលផ្លូវទឹកដ៏សំខាន់មួយនេះ មិនទាន់ត្រូវបានបិទខ្ទប់នៅឡើយ ភ្នាក់ងារតាមដានចរាចរណ៍ផ្លូវសមុទ្រ បានឱ្យដឹងថា នាវាដឹកប្រេងកំពុងចតនៅសងខាងនៃច្រកសមុទ្រយ៉ាងប្រុងប្រយ័ត្ន ឬប្រហែលជាមិនអាចទទួលបានការធានារ៉ាប់រងសម្រាប់ការធ្វើដំណើរឡើយ។
លោក Jorge Leon ប្រធានក្រុមអ្នកវិភាគភូមិសាស្រ្តនយោបាយនៃក្រុមហ៊ុន ystad Energy បាននិយាយថា «ភាពប្រែប្រួលភ្លាមៗ និងជាក់ស្តែងបំផុតដែលប៉ះពាល់ដល់ទីផ្សារប្រេង នោះគឺការបញ្ឈប់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលអាចខ្ទប់ប្រេងឆៅ ១៥លានបារ៉ែលក្នុងមួយថ្ងៃ មិនឱ្យចូលទៅដល់ទីផ្សារ»។ លោកបន្ថែមថា «លុះត្រាតែសញ្ញានៃការបន្ធូរបន្ថយភាពតានតឹង លេចឡើងក្នុងពេលឆាប់ៗ ពុំនោះទេតម្លៃប្រេងនឹងកាន់តែហក់ឡើង»។
គួរបញ្ជាក់ថា ការកើនឡើងនៃតម្លៃប្រេងក្នុងរយៈពេលយូរ នឹងនាំមកហានិភ័យនៃការកើតមានអតិផរណាទូទាំងពិភពលោក។ កាលថ្ងៃអាទិត្យកន្លងទៅនេះ OPEC+ បានយល់ព្រមលើការបង្កើនទិន្នផលប្រេង ២០៦ ០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែមេសា ប៉ុន្តែប្រេងភាគច្រើននៅតែត្រូវដឹកជញ្ជូនតាមនាវាចេញពីមជ្ឈិមបូព៌ាដដែល៕
