អ៉ីរ៉ង់បន្តបាញ់មីស៉ីលនិងដ្រូនសងសឹកលើអ៉ីស្រាអែល និងក្រុមប្រទេសអារ៉ាប់ដែលមានមូលដ្ឋានទ័ពអាមេរិក
(មជ្ឈិមបូព៌ា)៖ នាថ្ងៃចន្ទនេះ ដែលជាថ្ងៃទី៣នៃសង្រ្គាមនៅមជ្ឈិមបូព៌ា ស្នូរផ្ទុះបានលាន់លឺសាជាថ្មី នៅតាមបណ្តាទីក្រុងនៃក្រុមប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ ស្របពេលដែលអ៉ីរ៉ង់បន្តបាញ់មីស៉ីលនិងដ្រូន ដើម្បីសងសឹកចំពោះការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាងអ៉ីស្រាអែលនិងសហរដ្ឋអាមេរិក ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Al Jazeera នាថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦។
សំឡេងផ្ទុះខ្លាំងៗត្រូវបានរាយការណ៍នៅក្នុងប្រទេសគុយវ៉ែត បារ៉ែន ព្រមទាំងនៅទីក្រុងដូហានៃប្រទេសកាតា និងនៅទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលសុទ្ធតែជាប្រទេសអារ៉ាប់ មានមូលដ្ឋានទ័ពអាមេរិក។ ទន្ទឹមគ្នា យោធាអ៉ីស្រាអែលបានប្រកាសថា អ៉ីរ៉ង់បានបន្តបាញ់មីស៉ីលបន្ថែមទៀតមកលើអ៉ីស្រាអែល និងបានណែនាំឱ្យប្រជាជនរត់ទៅជ្រកកោនតាមកន្លែងមានសុវត្ថិភាព។ ដោយឡែក អ៉ីស្រាអែលនិងអាមេរិក ក៏បាននិងកំពុងបន្តការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន លើប្រទេសអ៉ីរ៉ង់ផងដែរ។
គួរបញ្ជាក់ថា សង្រ្គាមនេះបានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ នៅពេលអ៉ីស្រាអែលនិងអាមេរិក បានរួមដៃគ្នាឆ្មក់បើកការវាយប្រហារក្នុងទ្រង់ទ្រាយធំលើអ៉ីរ៉ង់ ដែលបានបណ្តាលឱ្យមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀតបាត់បង់ជីវិត៕
