ប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ មោទនភាព ចំពោះស្មារតីតស៊ូ ការយោគយល់ និងសាមគ្គីភាពរបស់យុវជនថ្នាល

(ភ្នំពេញ)៖ លោកបណ្ឌិត ជ័យ ចាប ប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ បានបង្ហាញមោទនភាព ចំពោះសមិទ្ធផល រួមជាមួយស្មារតីតស៊ូ ការយោគយល់ និងសាមគ្គីភាពរបស់កីឡាករ-កីឡាការិនីវ័យក្មេង ដែលជាធនធានបន្ដវេនដ៏សំខាន់សម្រាប់វិស័យកីឡា ក៏ដូចជាសង្គមជាតិនាថ្ងៃអនាគត។

ការលើកឡើងនេះ បន្ទាប់ពីសមាគមបានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក ស.ស.យ.ក. លើកទី២ ឆ្នាំ២០២៦ កាលពីចុងសប្ដាហ៍កន្លងទៅ នៅអគារខេមរាជនីនៃ ស.ស.យ.ក. រាជធានីភ្នំពេញ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណ ២១០នាក់ចូលរួម។

ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងអបអរសាទរទិវានារីអន្ដរជាតិ ៨មីនា ខួបលើកទី១១៥ ក្រោមប្រធានបទ «កីឡារួមគ្នា ដើម្បីស្មារតីសន្តិភាពនៅកម្ពុជា» ក៏ដូចជាការបំផុសចលនាអូសទាញក្មេងៗឲ្យចូលរួមលេងកីឡាកាន់តែច្រើន ខណៈថ្នាក់ដឹកនាំសមាគម បានសម្ដែងក្ដីរីករាយ ចំពោះការចូលរួមយ៉ាងផុសផុល ដែលជាសញ្ញាណមួយដ៏ល្អសម្រាប់ធនធានថ្នាលយុវជននៅកម្ពុជា។

លោក ជ័យ ចាប បន្ដថា «ខ្ញុំពិតជាមានមោទនភាពខ្លាំង ដែលបានឃើញនូវការរីកចម្រើន និងសមត្ថភាពដ៏អស្ចារ្យរបស់ចៅៗ ដែលពោរពេញទៅដោយស្មារតីតស៊ូ ការយោគយល់ និងសាមគ្គីភាព។ ការប្រកួតនេះ ជាវេទិកាមួយសម្រាប់ចៅៗបង្ហាញនូវសមត្ថភាព ដែលបានមកពីការហ្វឹកហាត់យ៉ាងស្វិតស្វាញ ហើយចៅៗទាំងអស់គ្នា ត្រូវចងចាំថា ជ័យជម្នះដ៏ពិតប្រាកដគឺការឈ្នះលើចិត្តខ្លួនឯង និងការទទួលបាននូវមិត្តភាព និងបទពិសោធន៍ថ្មីៗ»

អគ្គលេខាធិការសមាគមលោក សំ សុខយី បានឲ្យដឹងដែរថា ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក ស.ស.យ.ក.នេះ គឺជាផែនការប្រចាំឆ្នាំមួយរបស់សមាគម ដើម្បីបញ្ជ្រាបកីឡាតេក្វាន់ដូទៅដល់យុវជន និងក្មេងៗជំនាន់ក្រោយឲ្យ ពួកគេយកកីឡាជាមធ្យោបាយអភិវឌ្ឍរាង្គកាយ និងបញ្ហាស្មារតីផង ដែលអាចជួយឲ្យមានភាពរឹងមាំ ធ្វើឲ្យការសិក្សា មានភាពប្រាកដប្រជា ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង