ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនច្រានចោលលទ្ធភាពបញ្ជូនកងទ័ពថ្មើរជើងចូលទៅកាន់អ៉ីរ៉ង់ ប្រសិនបើចាំបាច់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់កាសែតអាមេរិក New York Post កាលពីថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ថាលោកមិនច្រានចោល លទ្ធភាពបញ្ជូនកងទ័ពថ្មើរជើងអាមេរិកចូលទៅកាន់អ៉ីរ៉ង់នោះទេ ប្រសិនបើចាំបាច់។

ក្នុងកិច្ចសម្ភាសន៍ជាមួយ New York Post លោក ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំមិនភ័យបារម្ភអ្វីទេពាក់ព័ន្ធនឹងការបញ្ជូនកងទ័ពថ្មើរជើង។ គ្រប់ប្រធានាធិបតីអាមេរិកសុទ្ធតែ និយាយថាវានឹងមិនមានវត្តមានកងទ័ពថ្មើរជើងទេ។ ប៉ុន្តែខ្ញុំនឹងមិននិយាយបែបនេះទេ។ ខ្ញុំនិយាយថាប្រហែលជាយើងមិនចាំបាច់ត្រូវការកងទ័ពថ្មើរជើង ឬក៏យើងនឹងត្រូវការ ប្រសិនបើចាំបាច់»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានឱ្យដឹងកាលពីព្រឹកថ្ងៃចន្ទនៅឯសន្និសីទសារព័ត៌មានមួយនៅមន្ទីរបញ្ចកោណថាមិនមានកងទ័ពអាមេរិក ណាម្នាក់កំពុងស្ថិតនៅក្នុងប្រទេសអ៉ីរ៉ង់ទេ បើទោះជាលោកមិនបានច្រានចោលលទ្ធភាពបញ្ជូនទ័ពថ្មើរជើងក៏ដោយ៕

 

អត្ថបទដែលជាប់ទាក់ទង