ក្រសួងបរិស្ថាន បង្ហាញសមិទ្ធផលឆ្នាំទី២ នៃការអនុវត្តន៍យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
(ភ្នំពេញ)៖ កងចក្រវិស័យបរិស្ថាន បានវិលបន្លាស់ទីទៅតាមលំអានផ្លូវ ដែលបានគូសវាសដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ដែលពោពេញដោយថាមពល និងឧត្តមគំនិតឈ្លាសវៃស្របតាមគន្លងនៃការអភិវឌ្ឍរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។
ក្រោមម្លប់សន្តិភាពបន្ទាប់ពីកម្ពុជាបានបិទបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃរាប់ទសវត្សរ៍មក កម្ពុជាបានបើកទំព័រសករាជថ្មី ដោយស្ដែងចេញនូវការងារអភិវឌ្ឍន៍ និងសមិទ្ឋផលជាច្រើន តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រវែងឆ្ងាយដែលរួមមានយុទ្ធសាស្ត្រត្រីកោណដែលធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងអត្រាខ្ពស់ពី ៦ ទៅ ៧ភាគរយក្នុងមួយឆ្នាំ ក្រោមគោលដៅបន្តពង្រឹងសន្តិភាព សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម និងយុទ្ធសាស្ត្រចតុកោណដែលមាន៤ដំណាក់កាលដោយបានប្រកាន់ខ្ជាប់នូវសន្តិភាព ជំរុញការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ បង្កើនការវិនិយោគលើមូលធនមនុស្ស និងជំរុញពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍបកបដោយចីរភាព ក្នុងការកសាងខឿនសេដ្ឋកិច្ចដោយបរិយាបន្ន បើកចំហសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងសកលលោក ឆ្លើយតបទៅនឹងនិន្នាការប្រែប្រួលទាំងក្នុង និងក្រៅប្រទេសយ៉ាងរស់រវើក។
សក្ខីកម្មដែលជាសមិទ្ឋផលបសូតចេញពីយុទ្ធសាស្ត្រវែងឆ្ងាយជាង ២៥ឆ្នាំមកនេះ កម្ពុជា
ពិតជាមិនអាចបដិសេធនោះឡើយ ចំពោះបរិការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ យកឈ្នះលើការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដោយអាវុធដ៏មុតស្រួច និងរឹងមាំនោះ គឺការការពារ ដែលស្របនឹងពាក្យស្លោកមួយឃ្លាថា «ការការពារ ប្រសើរជាងការព្យាបាល» ទន្ទឹមនេះ ការការពារបរិស្ថាន និងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងការជំរុញកំណើនផ្នែកសេដ្ឋកិច្ច និងសង្គមឌីជីថល គឺក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់សបតាមវិធានបង្ការ និងការពារមុនវះកាត់ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ជាត្រីវិស័យ ឈានឆ្ពោះទៅកាន់ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ក្នុងបេសកកម្មអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីកសាងប្រទេសមួយរុងរឿង និង រីកចម្រើន។
យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន គឺមិនត្រឹមតែជាយុទ្ធសាស្រ្តដ៏ល្អ និងច្បាស់លាស់ក្នុងការ
កសាងមូលដ្ឋានគ្រឹះ សម្រាប់សិក្សាស្រាវជ្រាវ ការសរសេរ និងអានប៉ុណ្ណោះទេ តែក៏ជាយុទ្ធសាស្ត្រគន្លឹះដោយមានបង្កប់នូវវិធីសាស្ត្រអនុវត្ត និងការប្រតិបត្តិ ដែលមានភាពសាមញ្ញ ងាយយល់ និងងាយធ្វើផងដែរ។
ជាក់ស្ដែងក្រោមការដឹកនាំលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កម្ពុជាបានរៀបចំផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ NDC 3.0 ដែលផែនការជាតិនេះ មានវិធានការឆ្លើយតបសរុបចំនួន ១៦៣វិធានការ។ ក្នុងនោះ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន ៤៩វិធានការ ការបន្សុាំទៅនឹងការបប្រួលអាកាសចំនួន ៧៥វិធានការ និងវិស័យជំរុញចំនួន ៣៩វិធានការ។ ការដាក់ចេញផែនការ NDC 3.0 របស់កម្ពុជានេះ បានបង្ហាញពីឆន្ទៈក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់រហូតដល់៥៥ភាគរយ ស្មើនឹង៧៣.៣ MtCO2e (ចិតសិបបីលានតោននសមមូលឧស្ម័នកាបូនិក) ត្រឹមឆ្នាំ២០៣៥។ ការប្ដេជ្ញាចិត្តឥតងាកររបស់កម្ពុជា ក្នុងការចូលរួមចំណកកិច្ចខិតខំប្រឹងបង់ជាសកល ដើម្បីកំណត់ការកើនឡើងកម្ដៅផែនដីឱ្យនៅក្រោមកម្រិត ២អង្សាសេ និងបន្តកិច្ចខិតខំប្រឹងបងនានាសំដៅកំណត់ការកើនឡើងសីតុណ្ហភាពក្រោម ១.៥អង្សាសេ ធៀបនឹងកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម គឺជាទិសដៅមួយក្នុងចំណោមគោលដៅជាច្រើនទៀត ដើម្បីឈានទៅ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ក្លាយជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
ម៉្យាងទៀត ការដាក់ចេញនូវការធ្វើសុក្រឹតកម្មបរិស្ថានកិច្ចរបស់ក្រសួងបរិស្ថាន គឺសំដៅដល់ការពិនិត្យឡើងវិញ ជាប្រព័ន្ធ ការកែទម្រង់រ៉ាឌីកាល់ និងការពង្រឹងរាល់យន្តការស្ថាប័ន ច្បាប់ គោលនយោបាយ និងការអនុវត្តន៍ជាក់ស្ដែងនៃការងារបរិស្ថានទាំងអស់ ដើម្បីធានាប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងនិរន្តរភាពការអនុវត្តការងារ ដើម្បីឈានទៅសម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» លើគោលដៅនៃការអភិវឌ្ឍដោយចីរភាព និងបរិយាបន្ន គឺផ្តោតលើការគិតគូរលើប្រព័ន្ធសន្តិសុខសង្គម ការការពារបរិស្ថាន និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងការជំរុញកំណើនផ្នែកសេដ្ឋកិច្ច និងសង្គមឌីជីថល។
តើក្នុងឆ្នាំទី២នៃការអនុវត្តន៍យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានបានសម្រេចសមិទ្ធផលអ្វីខ្លះ ហើយនឹងមានទិសដៅដូចម្តេចបន្តទៀត?
សៀវភៅសមិទ្ធផលយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៥ ដែលបានភ្ជាប់តាមរយៈលីង (https://drive.google.com/file/d/1I3ZGam1TaMw_dEdHuq6X4vV5UIekTkBR/view?usp=sharing) អាចជាសក្ខីកម្មនៃការងារសុក្រឹតកម្មបរិស្ថានកិច្ចរបស់ក្រសួងបរិស្ថានឈាន ទៅសម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» លើគោលដៅនៃការអភិវឌ្ឍដោយចីរភាព និងបរិយាបន្នដូចជាការគិតគូរលើប្រព័ន្ធសន្តិសុខសង្គម ការការពារបរិស្ថាន និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ និងការជំរុញកំណើនផ្នែកសេដ្ឋកិច្ច និង សង្គម ឌីជីថល៕
