អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថា បើសិនប្រេងឡើងថ្លៃខ្លាំង រដ្ឋនឹងបន្តវិធានការជួយសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលធ្លាប់អនុវត្តន៍ដូចអាណត្តិមុន
(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់បន្ថែមជុំវិញវិធានការណ៍នានា ដែលរាជរដ្ឋាភិបាលកកម្ពុជា ត្រៀមបន្តអនុវត្តន៍ដើម្បីសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ នៅពេលតម្លៃប្រេងនៅលើទីផ្សារឡើងថ្លៃខ្លាំង បន្ទាប់ពីមានការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។
បើតាមលោក ប៉ែន សុវិជាតិ មានវិធានការណ៍មួយចំនួន ដែលរាជរដ្ឋាភិបាលបានធ្វើកាលពីអាណត្តិមុនៗរហូតដល់បច្ចុប្បន្ន នៅពេលមានការកើនឡើងតម្លៃប្រេងសាំងជាសកលនោះ។
លោកបន្តថា រាជរដ្ឋាភិបាលអនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នីតិកាលទី៧ នៃ រដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦.៥សេនដុល្លារ/លីត្រ។
លោកបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងបញ្ចុះតម្លៃលក់រាយ១សេនដុល្លារ ក្នុង១លីត្រ ក្នុងករណីដែលប្រេងសាំងនៅលើទីផ្សារអន្តរជាតិមានតម្លៃចាប់ពី៩០ដុល្លារ ក្នុង១បារ៉ែល ប្រេងម៉ាស៊ូតមានតម្លៃចាប់ពី១០០ដុល្លារ ក្នុង១បារ៉ែលឡើងទៅ។
តម្លៃប្រេងលក់រាយតាមស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា ត្រូវបានកំណត់ថ្លៃសម្រាប់រយៈពេល ១០ថ្ងៃម្តង។ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តម្លៃសាំងធម្មតាតម្រូវឱ្យលក់ ៣៨៥០រៀលក្នុង១លីត្រ តម្លៃនេះកើនឡើង ១០០រៀល បៀបធៀបនឹងការអនុវត្តន៍ ១០ថ្ងៃមុន។ សម្រាប់តម្លៃម៉ាស៊ូត ៣៨៥០រៀលក្នុង១លីត្រ តម្លៃនេះកើនឡើង ៥០រៀលបើធៀបនឹង ១០ថ្ងៃមុនដូចគ្នា។
សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា ធ្វើឱ្យតម្លៃប្រេងនៅកម្ពុជាតិច ឬច្រើន អាចនឹងរងផលប៉ះពាល់ពីការស្ទុះទ្បើងនៃតម្លៃប្រេងអន្តរជាតិ ដោយប្រទេសយើងមិនមែនជាប្រទេសផលិតប្រេងនោះទេ ការប្រើប្រាស់បច្ចុប្បន្ន គឺផ្អែកលើការនាំចូល។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ប៉ែន សុវិជាតិ៕
