លោក ដូណាល់ ត្រាំ គំរាមកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ក្រោយបដិសេធមិនឱ្យយោធាអាមេរិកប្រើមូលដ្ឋានទ័ពវាយអ៉ីរ៉ង់
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាត់ផ្ដាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ បន្ទាប់ពីប្រទេសអឺរ៉ុបជាសម្ព័ន្ធមិត្ត NATO មួយនេះ បដិសេធមិនឱ្យយោធាអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនដើម្បីវាយប្រហារលើអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការគំរាមបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានអំឡុងកិច្ចប្រជុំជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦ នៅឯសេតវិមាន។ លោក ត្រាំឱ្យដឹងថារូបលោកបានណែនាំឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent កាត់ផ្ដាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ។ «យើងនឹងកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ។ យើងមិនចង់មានអ្វីពាក់ព័ន្ធជាមួយអេស្ប៉ាញទេ»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្ដូរទីតាំងយន្ដហោះ១៥គ្រឿង ក្នុងនោះរួមមានទាំងយន្ដហោះចាក់សាំងលើអាកាស ចេញពីមូលដ្ឋានទ័ព Rota និង Moron ស្ថិតនៅភាគខាងត្បូងនៃប្រទេសអេស្ប៉ាញ បន្ទាប់ពីរដ្ឋាភិបាលអេស្ប៉ាញបាននិយាយថាខ្លួននឹងមិនអនុញ្ញាតឱ្យមូលដ្ឋានទ័ពអាកាសនេះត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើអ៉ីរ៉ង់នោះទេ។ លោក ត្រាំក៏បានឆ្លៀត លើកឡើងដែរថាអេស្ប៉ាញបានទាត់ចោលសំណើរបស់សហរដ្ឋអាមេរិកដែលទាមទារឱ្យសមាជិក NATO បង្កើនកញ្ចប់ថវិកាយោធាឱ្យដល់៥ភាគរយនៃផលិតផលក្នុងស្រុក GDP៕
