មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវកងទ័ពទប់ស្កាត់ព័ត៌មានមិនពិតបំបាក់ទឹកចិត្តកងទ័ព និងព័ត៌មានចល័តកម្លាំងទ័ពតាមបណ្តាញសង្គម

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ បានណែនាំដល់កងទ័ពត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានដែលបង្កើតឡើងដោយ AI ព័ត៌មានបំបាក់ទឹកចិត្តកងទ័ព និងព័ត៌មានចល័តកម្លាំងទ័ព តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមរួមមាន៖ Youtube,Facebook Tik Tok, Telegram ជាដើម ពីព្រោះក្រុមប្រឆាំងប្រើប្រាស់ដើម្បីបំផ្លាញសន្តិសុខកម្ពុជា ខណៈភាគីថៃ តែងតែតាមដានរាល់សកម្មភាពរបស់កងទ័ពយើងជានិច្ច និងយកព័ត៌មានទាំងនោះមកវាយប្រហារយើងវិញ។

ការណែនាំបែបនេះរបស់នាយឧត្តមសេនីយ៍ ជៀង អំ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយផែនការណែនាំ ស្ដីពីការចាត់តាំងអនុវត្តការងារអប់រំចិត្តសាស្ត្រ និងបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ជៀង អំ បានថ្លែងថា ក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលជាច្រើនលើគ្រប់វិស័យក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឆ្នាំ២០២៦ ជាឆ្នាំទី៣ ក្នុងការបន្តអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការការពារស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការពារប្រជាជន និងបូរណភាពទឹកដី។

នាយឧត្តមសេនីយ៍ បានបន្ថែមថា ផែនការអប់រំចិត្តសាស្ត្រឆ្នាំ២០២៦ គឺបន្តអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា
ដែលមានបាវវចនាចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា», ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ គឺបានផ្ដោតសំខាន់ទៅលើការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ជាពិសេសភារកិច្ចការពារពង្រឹងបូរណភាពទឹកដី ដោយមិនត្រូវមើលស្រាលស្ថានការណ៍ដរាបណាថៃ នៅបន្តប្រើប្រាស់ផែនទីខ្នាត ១/៥០ ០០០។ គ្រប់បណ្តាអង្គភាពត្រូវធ្វើការអប់រំផ្សព្វផ្សាយអំពីសភាពការណ៍ និងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ការពារព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

នាយឧត្តមសេនីយ៍ ជៀង អំ ក៏បានណែបន្ថែមត្រូវពង្រឹងកងកម្លាំងចំនួនទ័ពឱ្យបានគ្រប់តាមក្របខណ្ឌដែលបានកំណត់មានសមត្ថភាពដឹកនាំប្រយុទ្ធ ឆន្ទៈប្រយុទ្ធឱ្យបានរឹងមាំ ទាំងបរិមាណ និងគុណភាព។ បន្តពង្រឹងការអនុវត្តច្បាប់របស់រដ្ឋ និងបទវិន័យទូទៅសម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ដោយយកចិត្តទុកដាក់អប់រំបន្ថែមទៅលើច្បាប់ផ្សេងៗ ជាពិសេសច្បាប់ពាក់ព័ន្ធទៅនឹងអំពើហិង្សា ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីការប្រឆាំងគ្រឿងញៀនដោយអនុវត្តទៅតាមអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន អតីតប្រមុខថ្នាក់ដឹកនាំបានដាក់ចេញគឺទី១៖ ឆ្លុះកញ្ចក់, ទី២៖ ងូតទឹក, ទី៣៖ ដុសក្អែល, ទី៤៖ ព្យាបាល និង៥៖ វះកាត់ ដើម្បីកាត់បន្ថយបទល្មើសជាអតិបរមា៕

អត្ថបទដែលជាប់ទាក់ទង