រុស្ស៊ី និងអ៊ុយក្រែន បន្តវាយប្រហារគ្នា លើហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយមិនខ្វល់ពីការព្រមានរបស់លោក ត្រាំ
រុស្ស៊ី និងអ៊ុយក្រែន បានបើកការវាយប្រហារសងសឹកគ្នាទៅវិញទៅមកលើហេដ្ឋារចនាសម្ព័ន្ធថាមពល រហូតដល់ថ្ងៃចន្ទ ដោយបានកំណត់គោលដៅលើតំបន់នានា ដែលប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រកាសកាលពីខែមុនថា ជាតំបន់ហាមឃាត់ ទោះបីជាមិនមានការព្រមព្រៀងពីទីក្រុងកៀវ និងទីក្រុងម៉ូស្គូ ក៏ដោយ។

យោងតាមសារព័ត៌មាន Newsweek ផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ការវាយប្រហារទាំងបានកើតឡើងមួយថ្ងៃ មុនពេលក្រុមអ្នកចរចារបស់អ៊ុយក្រែន និងរុស្ស៊ី គ្រោងនឹងជួបប្រជុំគ្នាសម្រាប់ជុំថ្មី ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល។ ការចរចានេះ មានគោលបំណងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពមួយ ដោយសាររហូតមកទល់ពេលនេះ នៅតែមិនអាចសម្រេចបាននៅឡើយទេ ទោះបីជាលោក ដូណាល់ ត្រាំ ធ្លាប់បានសន្យា អំឡុងពេលបោះឆ្នោតឡើងឆ្នាំ២០២៤ ថា នឹងបញ្ចប់ជម្លោះនេះក្នុងរយៈពេល ២៤ម៉ោងក៏ដោយ។
លោក Aleksander Drozdenko អភិបាលតំបន់ Leningrad បានឱ្យដឹងថា យន្តហោះដ្រូនមួយគ្រឿងបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Kirishi ស្ថិតនៅភាគអាគ្នេយ៍របស់ទីក្រុង Saint Petersburg ដោយបង្កឱ្យមានអគ្គិភ័យឆាបឆេះ។ រោងចក្រចម្រាញ់ប្រេងនេះ គឺជាកន្លែងធំជាងគេទីពីរក្នុងប្រទេសរុស្ស៊ី ហើយអ៊ុយក្រែនលើកឡើងថា រោងចក្រនេះ ជាកន្លែងផ្គត់ផ្គង់ប្រេង ដល់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី។
មន្ត្រីថាមពលសហរដ្ឋអាមេរិកលើកឡើងកាលពីឆ្នាំមុនថា រោងចក្រនៅតំបន់ Kirishi អាចនឹងមានសមត្ថភាពផលិតប្រេងបានរហូតដល់ ៤០០ ០០០បារ៉ែលក្នុងមួយថ្ងៃ។ ទីក្រុងកៀវ ប៉ាន់ប្រមាណថា រោងចក្រចម្រាញ់ប្រេងនេះមានសមត្ថភាពចម្រាញ់ប្រេងឆៅប្រហែល ២០ លានតោនក្នុងមួយឆ្នាំ ស្មើនឹងជាង ៦ភាគរយនៃប្រតិបត្តិការចម្រាញ់ប្រេង សរុបរបស់ប្រទេសរុស្ស៊ី។
លើសពីនេះ កងទ័ពអ៊ុយក្រែនប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានវាយប្រហាររោងចក្រប្រេងឥន្ធនៈមួយកន្លែង ដែលមានទំនាក់ទំនងជាមួយប្រព័ន្ធមីស៊ីលផ្លោង Iskander របស់រុស្ស៊ី នៅជិតទីក្រុង Saint Petersburg ។
ទន្ទឹមនឹងនេះ រុស្ស៊ីបានវាយប្រហារតបវិញលើស្ថានីយអគ្គិសនីមួយចំនួននៅតំបន់ Dnipropetrovsk, Cherkasy និង Vinnytsia របស់អ៊ុយក្រែន ព្រមទាំងនៅជុំវិញរដ្ឋធានី កាលពីព្រឹកថ្ងៃចន្ទ ផងដែរ។
ជុំវិញហេតុការណ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ថ្លែងកាលពីថ្ងៃចន្ទថា៖ «ពេលនេះ ទីក្រុង និងសហគមន៍ជាច្រើនរបស់យើង កំពុងប្រឈមនឹងស្ថានភាពដ៏លំបាកបំផុតទាក់ទងនឹងការផ្គត់ផ្គង់អគ្គិសនី ទឹក និងកម្ដៅ ដោយសារតែការវាយប្រហាររបស់រុស្ស៊ី»។

កាលពីថ្ងៃទី១១ ខែតុលា លោក ត្រាំ ប្រកាសថា ប្រទេសទាំងពីរនឹងគោរពតាម «បទឈប់បាញ់ផ្នែកថាមពល» ដោយយល់ព្រម មិនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ភាគីម្ខាងទៀត។ ទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ មិនបានបញ្ជាក់ថាពួកគេយល់ព្រមលើការផ្អាកនេះទេ ។
ទោះបីជាមិនមានការវាយប្រហារពីសំណាក់អ៊ុយក្រែន ទៅលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការលើកឡើងរបស់លោក ត្រាំ ក៏ដោយ ភាគីអ៊ុយក្រែន បានលើកឡើងថា រុស្ស៊ីនៅតែបន្តវាយប្រហារលើទីតាំងនានារបស់អ៊ុយក្រែន៕

