អ៊ីរ៉ង់ ព្រមានប្រើមីស៊ីលអន្តរទ្វីប វាយប្រហារមូលដ្ឋានយោធាអាមេរិក នៅ ទ្វីបអឺរ៉ុប បើសង្គ្រាមកើតឡើងជាថ្មី
ថ្មីៗនេះ មន្ត្រីអ៊ីរ៉ង់ បានព្រមានថា ប្រសិនបើអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ម្តងទៀត នោះទីក្រុងតេហេរ៉ង់ នឹងកំណត់គោលដៅវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនានានៅក្នុងទ្វីបអឺរ៉ុប។ អ៊ីរ៉ង់ បន្ថែមថា ពួកគេនឹងដកបម្រាមលើខ្លួនឯង ដែលកំណត់លើការបាញ់ចម្ងាយត្រឹមតែ ២ ០០០ គីឡូម៉ែត្រ សម្រាប់មីស៊ីលផ្លោងរបស់ពួកគេ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ RT នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

បើតាម ឧត្តមសេនីយ៍ត្រី Hossein Mohebbi «ការកំណត់លើចម្ងាយនៃមីស៊ីលផ្លោងបាលីស្ទិក ត្រូវបានដកចេញសម្រាប់យើងហើយ»។ លោកមិនបានលម្អិតបន្ថែមទេ ដោយគ្រាន់តែបញ្ជាក់ថា យោធាអ៊ីរ៉ង់ បច្ចុប្បន្នកំពុងផ្តោតលើ «ការបង្ហាញសមត្ថភាពទាំងនេះនៅក្នុងការអនុវត្តជាក់ស្តែង»។
បើទោះបីជាមិនមានព័ត៌មានបញ្ជាក់ថា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ មានមីស៊ីល ដែលអាចបាញ់ទៅដល់គោលដៅឆ្ងាយជាង ២ ០០០ គីឡូម៉ែត្រ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួនក៏ដោយ ប៉ុន្តែមន្ត្រីអាមេរិកជឿជាក់ថា ប្រទេសនេះមានបច្ចេកវិទ្យាដែលចាំបាច់សម្រាប់ការផលិតមីស៊ីលផ្លោងអន្តរទ្វីប។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Associated Press។
ទោះជាយ៉ាងណាក៏ដោយ សូម្បីតែក្នុងរង្វង់ចម្ងាយនោះ ក៏មានន័យថាផ្នែកខ្លះនៃប្រទេសក្រិក ប៊ុលហ្គារី រូម៉ានី និងតំបន់មជ្ឈិមបូព៌ាទាំងមូល សុទ្ធតែស្ថិតនៅក្នុងរយៈចម្ងាយដែលមីស៊ីលរបស់អ៊ីរ៉ង់ អាចបាញ់ទៅដល់បាន។
លោក Mohebbi ក៏បានព្រមានថា កងទ័ពអ៊ីរ៉ង់ កំពុងត្រៀមបង្ហាញនូវ «អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនៅលើសមរភូមិ» ប្រសិនបើមានការប៉ះទង្គិចផ្នែកយោធាជុំថ្មីមួយទៀតកើតឡើងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោកបានបន្ថែមថា៖ «ពួកគេគួរតែដឹងថា ការវាយប្រហារលើកក្រោយរបស់អ៊ីរ៉ង់ នឹងកាន់តែខ្លាំងក្លាជាងមុនទៅទៀត»។

ក្នុងពេលជាមួយគ្នានោះដែរ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Mojtaba Khamenei ដែលបានសន្យាថា នឹងមាន «ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ដោយមិនកំណត់ព្រំដែនភូមិសាស្ត្រ ចំពោះរាល់កម្រិត និងគ្រប់ប្រភេទនៃគ្រោះថ្នាក់គំរាមកំហែង»។ លោកក៏បានបញ្ជាឱ្យមេបញ្ជាការយោធាធ្វើបច្ចុប្បន្នភាព «បញ្ជីគោលដៅ» របស់អ៊ីរ៉ង់ ដោយរួមបញ្ចូលទាំង «ទ្រព្យសម្បត្តិទាំងឡាយរបស់សត្រូវ ដែលស្ថិតនៅក្នុងរយៈចម្ងាយដែលអាចវាយប្រហារបាន»។
ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ការបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ គឺ «ទំនងជាមិនអាចកើតឡើងទេ» ប្រសិនបើទីក្រុងតេអេរ៉ង់ យល់ព្រមចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងដ៏រឹងមាំមួយ» ជាមួយទីក្រុងវ៉ាស៊ីនតោន។ ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងអាមេរិកនៅក្នុងតំបន់នោះ គឺត្រៀមខ្លួនរួចរាល់ហើយក្នុងការបន្តសកម្មភាពយោធាឡើងវិញ ប្រសិនបើចាំបាច់ ដោយមានការរៀបចំបញ្ជីគោលដៅរួចជាស្រេចផងដែរ៕

