សមាគមភោជនីយដ្ឋានកម្ពុជា (CRA) ប្តេជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ តាមរយៈយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជន លើសេវាកម្មភោជនីយដ្ឋាន ដើម្បីលើកកម្ពស់គុណភាពសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមភោជនីយដ្ឋានកម្ពុជា (CRA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគមភោជនីយដ្ឋានកម្ពុជា និងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឧកញ៉ាលូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ», កញ្ញា ហេង ភួនហួង ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រធាននាយកដ្ឋាន និងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកនៃសមាគមភោជនីយដ្ឋានកម្ពុជា សរុបចំនួន ៨០នាក់។

មុនចាប់ផ្តើម រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណចំពោះសមាគមទេសចរណ៍កម្ពុជា ដែលបានចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ តាមរយៈមូលនិធិមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន។

ឆ្លៀតក្នុងឱកាសនៃពិធីនេះ រដ្ឋមន្ត្រី ហួត ហាក់ ក៏បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន (PRC) ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ នៅដំណាក់កាលអនុវត្តសាកល្បងនៅឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។

ជាកិច្ចបន្ទាប់ ក្រោយពីលោករដ្ឋមន្រ្តី បានស្តាប់សេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពសកម្មភាពរបស់សមាគមទេសចរណ៍កម្ពុជា និងសំណូមពរ ព្រមទាំងបញ្ហាប្រឈមរបស់សមាជិក សមាជិកានៃសមាគមរួចមក លោករដ្ឋមន្ត្រី បានណែនាំឱ្យសមាគមត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែមានទម្ងន់ខ្លាំងក្នុងកម្រិតតំបន់ និងពិភពលោក តាមរយៈការពង្រឹងរចនាសម្ព័ន្ធឱ្យបានរឹងមាំ និងត្រូវពង្រីកសមាជិករបស់ខ្លួនបន្ថែម។ រដ្ឋមន្រ្តី ហួត ហាក់ ក៏បានណែនាំឱ្យសមាគមរៀបចំជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan និងត្រូវបន្ស៊ីជាមួយផែនការសកម្មភាពក្នុងរដូវកាលបៃតងក្នុងឆ្នាំ២០២៦ នេះ។

ជាកិច្ចបញ្ចប់ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីការពង្រឹសមត្ថភាព និងពង្រីកសាខារបស់សមាគមភោជនីយដ្ឋានកម្ពុជាបន្ថែមទៅក្រៅប្រទេស ដើម្បីផ្សព្វផ្សាយទេសចរណ៍ម្អូបអាហារកម្ពុជាទៅកាន់ទៅផ្សារអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ពោលគឺការងារផ្សព្វផ្សាយទេសចរណ៍ ដោយសមាគមត្រូវយកចិត្តទុកដាក់ និងចូលរួមលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង