សាំងធម្មតាឡើងដល់ ៥២០០រៀល ខណៈម៉ាស៊ូត ៦០៥០រៀលក្នុង១លីត្រ

សាំងធម្មតាបន្តហក់ឡើងដល់ ៥២០០រៀល ខណៈម៉ាស៊ូតថ្លៃ ៦០៥០រៀលក្នុង១លីត្រ។ នេះតម្លៃថ្មីដែលស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទាំងអស់ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់រាជភិបាល ពីថ្ងៃទី១១-១៣ ខែមីនា។

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មនាល្ងាចថ្ងៃទី១០ ខែមីនា បានបង្ហាញថា សាំងធម្មតាគឺបានឡើងថ្លៃចំនួន៨០០រៀល និងម៉ាស៊ូតឡើងថ្លៃ៩០០រៀលក្នុង១លីត្រ បើធៀបនឹងថ្ងៃទី១០ ខែមីនា។ ថ្លៃប្រេងឥន្ធនៈនេះ នឹងមានការប្រែប្រួលរៀងរាល់៣ថ្ងៃម្តង។

ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈយ៉ាងគំហុកនៅកម្ពុជា ក៏ជាសកលលោកនេះ គឺបណ្តាលមកពីជម្លោះនៅដើមមជ្ឈិមបូព៌ា ដែលរយៈពេលប្រមាណ១០ថ្ងៃមកនេះ។

ពាក់ព័ន្ធនឹងករណីប្រេងឡើងថ្លៃនេះ ក្រសួង-ស្ថាប័នជំនាញ ព្រមានចាត់វិធានការចំពោះម្ចាស់ស្ថានីយ/ដេប៉ូទាំងឡាយណាឆ្លៀតឱកាសដំឡើងថ្លៃលើសពីអ្វីដែលក្រសួងពាណិជ្ជកម្មបានកំណត់។  លោក គឹម មាសសុខសីហា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) បានប្រាប់សារព័ត៌មានថ្មីៗ( ThmeyThmey) ថា៖ « បុគ្គល ឬម្ចាស់ស្ថានីយ/ដេប៉ូណាបំពានលើតម្លៃប្រេងលក់រាយកំណត់ដោយក្រសួងពាណិជ្ជកម្ម នឹងត្រូវបានពិន័យជាប្រាក់ពី៤លានរៀលដល់១០លានរៀល»។ នេះ គឺជាពិន័យអន្តរការណ៍។ ប៉ុន្តែ ក្នុងករណីបើ ក.ប.ប ឃើញថាម្ចាស់ស្ថានីយ/ដេប៉ូឥន្ធនៈណាមួយបានបន្លំគុណភាពប្រេងនោះអាចរងការពិន័យរហូតដល់២០លានរៀល។

បើតាមលោក គឹម មាសសុខសីហា គិតត្រឹមថ្ងៃទី១០ ខែមីនា គឺមានស្ថានីយ និងដេប៉ូលក់ប្រេងឥន្ទនៈចំនួន ២កន្លែង ត្រូវបានពិន័យអន្តរការណ៍ ក្រោយលក់ប្រេងឥន្ទនៈលើសពីតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ មានរាជធានីភ្នំពេញ១កន្លែង ខណៈ១កន្លែងទៀត ស្ថិតនៅខេត្តស្វាយរៀង។​

លោកបញ្ជាក់ថា មន្ត្រីការងារ ក.ប.ប. ទូទាំងរាជធានី-ខេត្ត  បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូលក់ប្រេងឥន្ទនៈជាបន្តបន្ទាប់ ពិសេសដេប៉ូប្រេងដែលបិទទ្វារមិនដំណើរការក្រោមហេតុផលថាអស់ស្តុក៕

អត្ថបទដែលជាប់ទាក់ទង