ក្រសួងពាណិជ្ជកម្ម ប្រកាសឱ្យប្រជាកសិករទាក់ទងមកមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ឬក្រសួង បើជួបករណីកកស្ទះកសិផល
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសឱ្យប្រជាកសិករទាក់ទង មកមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ឬទាក់ទងមកក្រសួង បើជួបករណីកកស្ទះកសិផល។
ក្រៅពីអាចទាក់ទងទៅមន្ទីរពាណិជ្ជកម្មហើយ ប្រជាកសិករ ក៏អាចទាក់ទងកកាន់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រសួងពាណិជ្ជកម្ម តាមរយៈទូរសព្ទលេខ ០១២ ៧២៣ ៦៤៥ / ០១២ ២៥៩ ៩៩៧ ឬតាមប្រព័ន្ធទូរសព្ទសាធារណៈរបស់ក្រសួង លេខ ១២៦៦។
ក្រសួងពាណិជ្ជកម្មកត់ស្គាល់ថា នាពេលថ្មីៗនេះ ក្រុមការងារមន្ទីរពាណិជ្ជកម្ម បានចុះសម្របសម្រួលការទិញ-លក់ និងស្វែងរកទីផ្សារ ដោយសហការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទរួមទាំង បន្លែត្រប់ស្រួយ និងត្រប់វែងជាដើម ដែលមាន ការកកស្ទះទីផ្សារនៅខេត្តបាត់ដំបង ក្នុងតម្លៃសមរម្យ និងបានបន្តសម្របសម្រួលដោះស្រាយបញ្ហាទីផ្សារជាបន្តបន្ទាប់ទៀត នៅតាមទីតាំងផលិតកម្ម និងតាមបណ្តារាជធានី-ខេត្តនានាដែលជួបបញ្ហា។
ក្រសួងពាណិជ្ជកម្ម តាមរយៈមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត កំពុងបន្តតាមដានយ៉ាងសកម្មលើស្ថានភាពទីផ្សារកសិផល ដើម្បីចុះជួយសម្រួល ការកកស្ទះ បានទាន់ពេលវេលា៕
