រដ្ឋបាលរាជធានីភ្នំពេញ រឹតបន្តឹងសន្តិសុខសណ្តាប់ធ្នាប់ និងបង្កើតកម្មវិធីកម្សាន្តសម្រាប់បុណ្យចូលឆ្នាំថ្មី

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំមួយដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ ក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

នៅក្នុងសេចក្តីណែនាំចុះថ្ងៃទី១៧ ខែមីនា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកំណត់ឱ្យរដ្ឋបាលខណ្ឌ និងមន្ទីរពាក់ព័ន្ធ រៀបចំតុបតែងលម្អតាមបណ្តោយវិថីសំខាន់ៗ សួនច្បារសាធារណៈ និងតាមអង្គភាពរៀងៗខ្លួន។ ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យមានការរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ និងកម្មវីធីកម្សាន្តផ្សេងៗ ដើម្បីលើកកម្ពស់ប្រពៃណី វប្បធម៌ និងផ្តល់ភាពរីករាយជូនប្រជាពលរដ្ឋ។

ក្នុងទិដ្ឋភាពសន្តិសុខ និងសណ្តាប់ធ្នាប់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ត្រូវសហការគ្នារៀបចំផែនការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមទីវត្តអារាម កន្លែងកម្សាន្ត និងតាមច្រកចេញ-ចូលរាជធានី។

អាជ្ញាធរហាមឃាត់ដាច់ខាតនូវការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការលេងបាញ់ទឹក ការជះទឹក ការប៉ាតម្សៅ ឬការដុតផាវ និងគ្រឿងផ្ទុះផ្សេងៗ ដែលបង្កឱ្យមានភាពអសន្តិសុខ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់សង្គម។ បន្ថែមពីនេះ វិធានការបង្ការ និងពន្លត់អគ្គិភ័យ ក៏ត្រូវបានសង្កត់ធ្ងន់ផងដែរ ដោយតម្រូវឱ្យម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើងទៀនធូប និងចរន្តអគ្គិសនី។

ក្រៅពីការរៀបចំសោភ័ណភាព និងសន្តិសុខ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ទីរសុខាភិបាល ឱ្យត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់ ប្រចាំការនៅតាមទីតាំងសំខាន់ៗ ដើម្បីឆ្លើយតបចំពោះករណីសង្គ្រោះបន្ទាន់ផ្សេងៗ។

ចំណែកឯមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវយកចិត្តទុកដាក់លើសោភ័ណភាព បរិស្ថាន និងការអនាម័យតាមដងផ្លូវឱ្យបានស្អាតជានិច្ច ទោះបីស្ថិតក្នុងអំឡុងពេលឈប់សម្រាកក៏ដោយ។

ដោយឡែក សម្រាប់វិស័យសាសនា មន្ទីរធម្មការ និងសាសនា ត្រូវណែនាំដល់គ្រប់វត្តអារាមទាំងអស់ឱ្យរៀបចំពិធីបុណ្យតាមទំនៀមទម្លាប់សាសនា ដូចជាការបង្សុកូល ឧទ្ទិសកុសលជូនបុព្វការីជន និងការសម្អាតព្រះពុទ្ធរូបឱ្យបានសមរម្យ។

ចំពោះវិស័យទេសចរណ៍វិញ មន្ទីរទេសចរណ៍ត្រូវចុះណែនាំតាមបណ្តាភោជនីយដ្ឋាន និងសណ្ឋាគារ ឱ្យរក្សាតម្លៃសេវាកម្មឱ្យសមរម្យ ជៀសវាងការដំឡើងថ្លៃហួសហេតុក្នុងអំឡុងពេលបុណ្យទាននេះ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមីនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ សុវត្ថិភាព និងរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិខ្មែរដ៏រុងរឿង៕

អត្ថបទដែលជាប់ទាក់ទង