រដ្ឋមន្ត្រីវប្បធម៌ ស្ទើរមិនជឿនឹងភ្នែក ចំពោះវិនាសកម្មនៅប្រាសាទព្រះវិហារ ដែលបំផ្លាញដោយយោធាថៃ
(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុត ចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដែលជាសម្បត្តិរបស់មនុស្សជាតិ។
ក្តីរន្ធត់របស់លោកស្រីរដ្ឋមន្ត្រី បានបង្ហាញឡើង ក្នុងឱកាសអញ្ជើញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។
សកម្មភាពនេះ មានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញ។
«ការខូចខាត បាក់បែក ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែកនេះ មានទំហំរាប់រយដងលើសពីរបាយការណ៍ខូចខាត រៀបចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅ ដែលបានកត់ត្រាការខូចខាតសរុបចំនួន ៥៦២កន្លែង»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកស្រីរដ្ឋមន្ត្រី។
លោកស្រីបានបន្តថា គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌ ហើយសម្បត្តិបេតិកភណ្ឌមិនត្រូវក្លាយ ជាគោលដៅនៃការវាយប្រហារ ទោះក្នុងកាលៈទេសៈណាក៏ដោយ ផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីបេតិកភណ្ឌពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។
គួរបញ្ជាក់ថា ប្រាសាទព្រះវិហាររងការខូចខាតចំនួន ១៤២កន្លែង នៅក្នុងការវាយប្រហារដោយប្រដាប់អាវុធកាលពីខែកក្កដា និងខូចខាតបន្ថែមចំនួន ៤២០កន្លែងទៀតក្រោយខែធ្នូឆ្នាំ២០២៥ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈ៕
