អាមេរិកបើកភ្លើងបៃតងរយៈពេលមួយខែ សម្រាប់ការលក់និងដឹកជញ្ជូនប្រេងជាប់ទណ្ឌកម្មរបស់អ៉ីរ៉ង់ ប៉ុន្តែអ៉ីរ៉ង់ថាគ្មានប្រេងលើសសម្រាប់ផ្តល់ឱ្យទីផ្សារអន្តរជាតិទេ

(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី២០ ខែមីនា ក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដកទណ្ឌកម្មជាបណ្តោះអាសន្ន ចេញពីប្រេងអ៉ីរ៉ង់ដែលស្ថិតក្នុងកប៉ាល់នៅលើផ្ទៃសមុទ្ររួចស្រាប់ ស្របពេលទីក្រុងវ៉ាស៉ីនតោន បន្តព្យាយាមបន្ធូរបន្ថយវិបត្តិប្រេង កើតចេញពីសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលខ្លួនជាអ្នកបង្កឡើងរួមជាមួយអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយថា ការផ្តល់ភ្លើងបៃតងនេះ អនុញ្ញាតចំពោះការដឹកជញ្ជូននិងការលក់ប្រេងឆៅ ក៏ដូចជាផលិតផលប្រេងដទៃទៀតរបស់អ៉ីរ៉ង់ ដែលត្រូវបានដាក់ទៅលើកប៉ាល់ មុនថ្ងៃទី២០ ខែមីនា ហើយវានឹងមានសុពលភាពរហូតដល់ថ្ងៃទី១៩ ខែមេសា។ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីអាមេរិកបានសម្រេចលុបចោលទណ្ឌកម្មជាបណ្តោះអាសន្នស្រដៀងគ្នា ចេញពីប្រេងរុស្ស៉ីដែលជាប់គាំងនៅសមុទ្រ។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយដូច្នេះថា «តាមរយៈការបញ្ចេញប្រេងផ្គត់ផ្គង់មានស្រាប់នេះទៅកាន់ពិភពលោក សហរដ្ឋអាមេរិក នឹងបើកឱ្យប្រេងប្រហែល១៤០លានបារ៉ែលយ៉ាងឆាប់រហ័ស ចូលទៅក្នុងទីផ្សារសកល ដើម្បីពង្រីកបរិមាណថាមពលរបស់ពិភពលោកថែមទៀត ហើយជួយសម្រាលសម្ពាធបណ្តោះអាសន្ន លើការផ្គត់ផ្គង់ដែលបង្កឡើងដោយអ៉ីរ៉ង់»

យ៉ាងណាមិញ ទីក្រុងតេហេរ៉ង់ កាលពីថ្ងៃសុក្របាននិយាយថា ខ្លួនមិនមានប្រេងឆៅលើស ដើម្បីផ្តល់ឱ្យទីផ្សារអន្តរជាតិឡើយ។ អ្នកនាំពាក្យក្រសួងប្រេងអ៉ីរ៉ង់ លោក Saman Ghoddoosi បានបង្ហោះសារលើបណ្តាញសង្គម X ដូច្នេះថា «បច្ចុប្បន្ន អ៉ីរ៉ង់គ្មានប្រេងឆៅលើសនៅសល់ ដែលនៅលើផ្ទៃសមុទ្រ ឬសម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិនោះទេ ហើយសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក គឺដើម្បីតែផ្តល់ក្តីសង្ឃឹមដល់អ្នកទិញប៉ុណ្ណោះ»

គួរបញ្ជាក់ថា ការបិទខ្ទប់ច្រកសមុទ្រ Hormuz ដោយអ៉ីរ៉ង់ ដែលជាច្រកផ្លូវទឹក ប្រេងនិងឧស្ម័ន២០ភាគរយរបស់ពិភពលោក ត្រូវបានដឹកជញ្ជូនឆ្លងកាត់ជាប្រចាំ បូករួមជាមួយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅពាសពេញតំបន់មជ្ឈិមបូព៌ា បានរុញច្រានឱ្យតម្លៃប្រេងឆៅហក់ឡើងយ៉ាងខ្ពស់។ គិតត្រឹមថ្ងៃសុក្រ ប្រេងឆៅអន្តរជាតិ Brent បានកើន៣.២៦ភាគរយ ដល់១១២.១៩ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានកើន២.២៧ភាគរយ ដល់៩៨.៣២ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង