ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល សហការរៀបចំកម្មវិធី «Walk for a Smile» នៅតំបន់អង្គរ ដើម្បីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងទេសចរណ៍អង្គរ

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងភរិយា រួមជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ អញ្ជើញជាគណៈអធិបតីក្នុងព្រឹត្តិការណ៍ «Walk for a Smile» ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អង្គការស្នាមញញឹមកម្ពុជា ដែលនេះគឺជាលើកទី១ សម្រាប់ក្រសួងទេសចរណ៍ និងជាលើកទី៨ ដែលកម្មវិធី Walk for a Smile ត្រូវបានរៀបចំឡើងនៅលើទឹកដីដ៏ពិសិដ្ឋ និងជាតំបន់វប្បធម៌បេតិកភណ្ឌនៃខេត្តសៀមរាប ស្របពេលដែលថ្ងៃនេះក៏ជាថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីអង្គរ។

ក្នុងកម្មវិធីមនុស្សធម៌នេះ មានការអញ្ជើញចូលរួមពីលោក ចាន់ កុក ចយ នាយកប្រតិបត្តិអង្គការស្នាមញញឹមកម្ពុជា (smile Cambodia), លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល,លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាង លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, លោក លោកស្រី មកពី អង្គការស្នាមញញឹមកម្ពុជា, ក្រុមគ្រូពេទ្យស័្មគ្រចិត្ត, តំណាងអាជ្ញាធរជាតិអប្សរា, មន្ទីរពាក់ព័ន្ធជុំវិញខេត្ត, សមាគមក្នុងឧស្សាហកម្មទេសចរណ៍, CATA, ធនាគារ, ក្រុមហ៊ុន- ដៃគូឧបត្ថម្ភ និងវិស័យឯកជន សរុបប្រមាណ ៣០០នាក់។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលអង្គការស្នាមញញឹមកម្ពុជា ព្រមទាំងការជួយជ្រោមជ្រែងសព្វគ្រប់បែបយ៉ាងពីក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) បានបំពេញបេសកកម្មផ្ដល់សេវាវះកាត់ ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប រលាក ព្យាបាលមាត់ធ្មេញ និងពិការមុខមាត់ នៅទូទាំងប្រទេស។ សូមបញ្ជាក់ជូនថា អង្គការស្នាមញញឹមកម្ពុជា (smile Cambodia) បានអញ្ជើញក្រុមគ្រូពេទ្យដែលស្ម័គ្រចិត្តពីសាធារណរដ្ឋប្រជាមានិតចិន មកពីអង្គការចំនួន ២ គឺ Future Smile China និង BEAM Hong Kong ដើម្បីចូលរួមកម្មវិធីខាងលើនេះផងដែរ។

លោករដ្ឋមន្ត្រី បានគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាពដែលផ្សារភ្ជាប់ ទេសចរណ៍ សុខភាព និងមនុស្សធម៌ ដែលព្រឹត្តិការណ៍ដើរនៅថ្ងៃនេះ បានបង្ហាញឱ្យពិភពលោកឃើញថា កម្ពុជាមិនត្រឹមតែមានប្រាសាទបុរាណដ៏អស្ចារ្យ និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាគឺជា «ព្រះរាជាណាចក្រ អច្ឆរិយៈដែលផ្តល់នូវភាពកក់ក្តៅ» តាមរយៈបេះដូងសប្បុរសធម៌របស់ប្រជាជនយើង ជាមួយនឹងស្នាមញញឹម ដែលត្រូវបានពិភពលោក ប្រសិទ្ធនាមថា «ស្នាមញញឹមកម្ពុជា»

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់បន្ថែមថា សកម្មភាពនៅថ្ងៃនេះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់រូបភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកថា យើងគឺជាប្រជាជាតិមួយដែលពោរពេញដោយក្តីស្រឡាញ់ និងការចែករំលែក។

តាមកម្មវិធីដែលបានគ្រោងទុក «Walk for a Smile» គណៈប្រតិភូក៏បានចូលរួមទស្សនាប្រាសាទនានានៅតំបន់អង្គរ និងការទស្សនាព្រឹត្តិការណ៍ សមរាត្រីអង្គរ (Angkor Equinox) ដែលជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តចំនួន២ដងជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា, និងរដូវវស្សា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ពោលគឺព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ តែងតែបានទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចូលរួមទស្សនានិងផ្តិតយករូបភាពនៃបាតុភូតពិសេសនេះ នៅប្រាសាទអង្គរវត្ត ជារៀងរាល់ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង