កូនទាំង៣នាក់របស់តារាកំប្លែង នាយក្រិន ទទួលបានការយកចិត្តទុកដាក់ និងអំណោយពីកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
(បាត់ដំបង)៖ ដោយទទួលបានការណែនាំពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីគិតគូរអំពីជីវភាពរបស់នៅកូនៗទាំង៣របស់ លោក ទេស សុជុន (ហៅនាយក្រិន) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ផេង សិទ្ធី អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការសាខា និងសហការីចុះជួបសំណេះសំណាលសួរសុខទុក្ខសាកសួរពីស្ថានភាពរស់នៅ និងឧបត្ថម្ភអំណោយជួយសម្រាលការលំបាកផ្នែកជីវភាព ដែលកំពុងស្នាក់នៅជាមួយក្រុមគ្រួសារ នៅភូមិស្លាក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ផេង សិទ្ធី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោក សុខ លូ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់កូនៗទាំង៣របស់ លោក ទេស សុជុន (ហៅនាយក្រិន) សូមប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីជីវភាពគ្រួសារ និងត្រូវថែទាំសុខភាពឲ្យបានល្អ។
ទន្ទឹមនឹងនេះលោកអនុប្រធាន បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយកូនៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង ធ្វើជាកូនកត្តញ្ញូ និងជាពលរដ្ឋល្អរបស់សង្គមជាតិ។
សូមជម្រាបថា ក្រោយពីតារាកំប្លែងមានមាឌតូចល្អិតមានជំងឺ ហើយឪពុកបង្កើតបានទទួលមរណភាព ដោយឡែកកូនៗរបស់នាយក្រិនទាំង៣ ក៏បានឈប់រៀនដើម្បីជួយមើលថែឪពុក និងនៅមើលផ្ទះសំបែង ដោយក្តីអាណិត និងយកចិត្តគិតគូពីអនាគតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីរៀបចំអនាគតកូនៗ បានចូលរៀនដើម្បីអនាគតភ្លឺស្វាង។
លោក សុខ លូ បានចាត់ឲ្យអភិបាលស្រុកសង្កែ និងការិយាល័យអប់រំ យុវជនស្រុក ជួយសម្របសម្រួលឲ្យកូនៗទាំង៣បានចូលរៀននៅសាលាដែលនៅជិតបំផុត។
កូនៗទាំង៣ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ និងមានក្តីរំភើបក្តុកក្តួលឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខរបស់សិល្បៈករដែលជួបការលំបាក និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕
