អាមេរិក៖ ពីឡុត២នាក់ស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ បុករថយន្តពន្លត់អគ្គិភ័យ ពេលចុះចតនៅអាកាសយានដ្ឋាន
(ញូវយ៉ក)៖ អាជ្ញាធរនិងប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក បានរាយការណ៍ថា អាកាសយានិក២នាក់ នៃយន្តហោះជើងហោះហើរក្នុងតំបន់ របស់អាកាសចរណ៍កាណាដា Air Canada Express បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ១គ្រឿងនោះ បានបុកជាមួយរថយន្តពន្លត់អគ្គិភ័យ ពេលចុះចតនៅអាកាសយានដ្ឋាន LaGuardia នៃទីក្រុងញូវយ៉ក កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។
យោងតាមបញ្ជីអ្នកដំណើរ យន្តហោះ Air Canada Express ប្រភេទ CRJ-900 ផ្ទុកអ្នកដំណើរសរុប៧២នាក់ និងក្រុមការងារយន្តហោះ ៤នាក់ មានគោលដៅចេញពីទីក្រុង Montreal នៃប្រទេសកាណាដា។ ទិន្ន័យពីវែបសាយតាមដានជើងហោះហើរ Flightradar24 បានបង្ហាញថា យន្តហោះនោះបានបុករថយន្តពន្លត់អគ្គិភ័យ កាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ក្នុងល្បឿនប្រហែល៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ថា បើតាមរូបភាពបង្ហាញពីយន្តហោះខាងលើ ក្រោយពេលកើតហេតុ គេឃើញផ្នែកខាងមុខនៃយន្តហោះ រងការខូចខាតទាំងស្រុង។ ដោយឡែក ក្រៅពីស្លាប់អាកាសយានិក២នាក់ មនុស្សមួយចំនួនទៀតក៏បានរងរបួសផងដែរ ដែលរួមមានទាំងអ្នកដំណើរលើយន្តហោះ និងអ្នកដែលស្ថិតក្នុងរថយន្តពន្លត់អគ្គិភ័យ៕
