អ៉ីរ៉ង់បដិសេធកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ក្រោយលោក ត្រាំ ផ្អាកវាយប្រហារលើបណ្ដាញអគ្គិសនី

(វ៉ាស៊ីនតោន)៖ អ៉ីរ៉ង់កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ បានបដិសេធថាខ្លួនមិនបានចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស ផ្អាកការវាយប្រហារកម្ទេចបណ្ដាញផ្គត់ផ្គង់អគ្គីសនីរបស់អ៉ីរ៉ង់ ជាមួយការអះអាងពីកិច្ចចរចាប្រកបដោយផ្លែផ្កាឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីអឺរ៉ុបម្នាក់បាននិយាយថាខណៈមិនទាន់មានកិច្ចចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ អេហ្ស៉ីប ប៉ាគីស្ថាន និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្របានបញ្ជូនសាររៀងៗខ្លួនទៅកាន់ឱ្យអ៉ីរ៉ង់ ក្នុងគោលដៅសាកល្បងសម្របសម្រួលឱ្យមានកិច្ចចរចាបិទបញ្ចប់សង្រ្គាម។ មន្ត្រីប៉ាគីស្ថានម្នាក់ថែមទាំងបានប្រាប់ Reuters ទៀតផងថាកិច្ចចរចាដោយផ្ទាល់ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវបានធ្វើឡើង ក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ក្នុងពេលឆាប់ៗ ឬអាចក្នុងសប្ដាហ៍នេះតែម្ដង។

នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានសរសេរថាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់មានកិច្ចសន្ទនាដ៏ល្អ និងប្រកបដោយផ្លែផ្កាអំពីដំណោះស្រាយបិទបញ្ចប់អរិភាពទាំងស្រុង នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ដូច្នេះលោកបានសម្រេចចិត្តផ្អាកការវាយប្រហារកម្ទេចបណ្ដាញផ្គត់ផ្គង់អគ្គិសនីរបស់អ៉ីរ៉ង់រយៈពេល៥ថ្ងៃ បន្ទាប់ពីលោកផ្ទាល់បានគំរាមថានឹងកម្ទេចបណ្ដាញអគ្គិសនីអ៉ីរ៉ង់ក្នុងពេល ៤៨ម៉ោង ប្រសិនបើតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុងទេនោះ។ ការប្រកាសផ្អាកឱសានវាទរបស់លោក ត្រាំ បានធ្វើឱ្យទីផ្សារភាគហ៊ុនឡើងថ្លៃ រីឯតម្លៃប្រេងធ្លាក់ចុះ មកនៅក្រោម ១០០ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ។

តាមលោក ត្រាំ បេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក គឺលោក Jared Kushner ដែលជាអ្នកដឹកនាំកិច្ចចរចាជាមួយអ៉ីរ៉ង់មុនពេលសង្រ្គាមផ្ទុះឡើង បានបើកកិច្ចពិភាក្សាជាមួយមន្ត្រីកំពូលម្នាក់របស់អ៉ីរ៉ង់កាលពីល្ងាចថ្ងៃអាទិត្យសប្ដាហ៍មុន ហើយបន្តដល់ថ្ងៃចន្ទម្សិលមិញ។ លោក ត្រាំ មិនបានបញ្ជាក់ថាតើមន្ត្រីកំពូលអ៉ីរ៉ង់រូបនោះជានរណានោះទេ ដោយគ្រាន់តែនិយាយថា «យើងបានពិភាក្សាជាមួយបុរសម្នាក់ដែលខ្ញុំជឿថាជាមេដឹកនាំម្នាក់គួរឱ្យគោរពបំផុត»។ មន្ត្រីអ៉ីស្រាអែលម្នាក់បាននិយាយថាដៃគូសន្ទនាខាងភាគីអ៉ីរ៉ង់ គឺជាប្រធានសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf។

ក៏ប៉ុន្តែ លោក Qalibaf បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ដោយបដិសេធថាមិនមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ ហើយថាការលើកឡើងរបស់លោក ត្រាំ គ្រាន់តែជានិយាយ បំភ្លៃការពិត និងចុះក្រឡុកទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាឱ្យប្រេងធ្លាក់ថ្លៃតៃប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង