ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលនាវាកុងតឺន័រឆ្លងកាត់ជាង១លាន ៣៤ម៉ឺនធីអ៉ីយូ ក្នុងកំណើនជាង ១២%

(ព្រះសីហនុ)៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ កំពង់ផែអន្តរជាតិមួយនេះ បានទទួលនាវាកុងតឺន័រឆ្លងកាត់ជាង១លាន ៣៤ម៉ឺនធីអ៉ីយូ (TEUs) ក្នុងកំណើនជាង១២ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ការឱ្យដឹងនេះធ្វើឡើងក្នុងទស្សនកិច្ច របស់អ្នកសារពត៌មានស្ដីពីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជប៉ុន ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នារសៀនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ខណៈចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ក្រោមហិរញ្ញប្បទានជប៉ុន ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក១៤,៥ម៉ែត្រ ដែលរំពឹងថា នឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ សម្រេចការសាងសង់បានជាង៦០ភាគរយនេះ។

លោក លូ គឹមឈន់ បានឱ្យដឹងថា សព្វថ្ងៃនេះ នាវាកុងតឺន័រមកពីគ្រប់តំបន់ បានឆ្លងកាត់កំពង់ផែពហុបំណងនេះ។ ទំនិញចេញ-ចូលកំពង់ផែនេះ សព្វថ្ងៃមានប្រមាណជាង៧០ភាគរយទៅហើយ។

តាមបទបង្ហាញថា គម្រោងចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក១៤,៥ម៉ែត្រ នឹងមានសមត្ថភាពទទួលកុងតឺន័រ បាន១លាន ៤៥ម៉ឺន ធីអ៉ីយូ (TEUs) ខណៈគម្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី២ មានប្រវែង៤០០ម៉ែត្រ ជម្រៅទឹក១៦,៥ម៉ែត្រ ដែលគ្រោងផែនការធ្វើឱ្យចប់នៅឆ្នាំ២០២៩ អាចសមត្ថភាពទទួលប្រមាណ២លានTEUs ក្នុងមួយឆ្នាំ និងចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក១៧,៥ម៉ែត្រ ក្នុងផែនការឆ្នាំ២០៣០ អាចសមត្ថភាពទទួលប្រមាណជាង ២លាន ៦២ម៉ឺនធីអ៉ីយូ ក្នុងមួយឆ្នាំ។

គិតត្រឹមដើមឆ្នាំ២០២៥ ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ សម្រេចបានប្រមាណ ១៥%។ ចំណតផែកុងតឺន័រ ថ្មីនេះ មានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក -១៤,៥០ ម៉ែត្រ ហើយគ្រោងនឹងបំពាក់គ្រឿងចក្រលើកដាក់ធុនធ្ងន់ប្រភេទ QC ចំនួន ៣គ្រឿង និងប្រភេទ RTG ចំនួន៩គ្រឿង។ ចំណតផែនេះ អនុញ្ញាតឱ្យនាវាកុងតឺន័រចំណុះ ៤ ០០០ ធីអ៉ីយូ ឬស្មើនឹង ៦០ ០០០ តោន (DWT) អាចចូលចតបាន។

នៅដើមឆ្នាំ២០២៧ សមត្ថភាពផែសរុបកើនដល់ ១ ៤៥០ ០០០ធីអ៉ីយូ ក្នុង ១ឆ្នាំ នឹងក្លាយជាកំពង់ផែស្នូលក្នុងការតភ្ជាប់ផ្លូវនាវា កុងតឺន័រធុនធំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចត បាន និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០ដុល្លារ ក្នុង ១ធីអ៉ីយូ។

រាជរដ្ឋាភិបាលកម្ពុជា រំពឹងថា នៅក្រោយឆ្នាំ២០៣០ កំពង់ផែស្វយ័តអន្តរជាតិរបស់កម្ពុជាមួយនេះ នឹងប្រែក្លាយសមត្ថភាពទៅជាកំពង់ផែអន្តរជាតិខ្នាតធំ ប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់តំបន់នៅក្នុងពិភពលោក អាចចូលចតបានដោយងាយស្រួល និងឆាប់រហ័ស ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង