អតីតពលករខ្មែរ ដែលប្រឡប់ពីថៃ ៦៥ម៉ឺននាក់ ទទួលបានឱកាសការងារ ខណៈរាជរដ្ឋាភិបាលកំពុងបន្តផ្សព្វផ្សាយឱកាសការងាររាប់ម៉ឺនកន្លែង
(ភ្នំពេញ)៖ អតីតពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ ក្នុងចំណោមជាង ៨០នាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។
ការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ នៅក្នុងអំឡុងពេលចុះសួរសុខទុក្ខអតីតពលករខ្មែរដែលទទួលបានឱកាសការងារក្នុងរោងចក្រកាត់ដេរ ស្ថិតនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។
លោក ស៊ុន មេសា បានថ្លែងថា៖ «គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋ និងអតីតពលករខ្មែរប្រមាណជាង ៩៥ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ ដោយសារបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ២០២៥កន្លងទៅ»។ លោកបានបន្តថា៖ «នៅក្នុងចំណោមជាង ៩៥ម៉ឺននាក់នេះ មានអតីតពលករប្រមាណជាង ៨០ម៉ឺននាក់ ដោយក្នុងនោះអ្នកទទួលបានឱកាសការងារជាង ៦៥ម៉ឺននាក់ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់»។
ក្រោយពីការវិលត្រឡប់យ៉ាងគំហុករបស់ពលករខ្មែរពីប្រទេសថៃ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ចេញនូវយន្តការសំខាន់ៗជាច្រើន ដើម្បីធានាក្នុងការផ្ដល់ឱកាសការងារជូនអតីតពលករខ្មែរ។ ក្នុងចំណោមយន្តការសំខាន់នោះ ក្រសួងបានរៀបចំវេទិកាការងារសរុបជាង ៦០០លើក និងពិព័ណ៍ការងារចល័តតាមមូលដ្ឋានប្រមាណជាង ១ ០០០លើក ដើម្បីផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា។
បន្ថែមពីលើនេះ អ្នកនាំពាក្យរូបនេះ បានបន្តទៀតថា វេទិកាការងារ ត្រូវបានរៀបចំយ៉ាងផុសផុលនៅតាមខេត្តគោលដៅដែលមានអតីតពលករច្រើនជាងគេដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប និងខេត្តមួយចំនួនទៀត ដើម្បីផ្សព្វផ្សាយឱកាសការងារតាមរយៈការនាំក្រុមហ៊ុន រោងចក្រ សហគ្រាសដែលមានតម្រូវការកម្លាំងពលកម្មចុះទៅជាមួយដែរ។
សម្រាប់លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា លោកគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានដោះស្រាយបញ្ហាពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃបានទាន់ពេលវេលា។ យន្តការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសិទ្ធភាពខ្ពស់ក្នុងការផ្ដល់ឱកាសការងារជូនបងប្អូនពលករឱ្យមានប្រាក់ចំណូលឡើងវិញ។
លោកបានបន្តថា ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ទទួលបានឱកាសការងារច្រើនក្នុងវិស័យវាយនភណ្ឌកាត់ដេរ។ ពួកគាត់មានការតាំងចិត្តខ្ពស់ក្នុងការខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អមិនខុសពីបងប្អូនកម្មករដទៃទៀតនោះទេ។
ថ្នាក់ដឹកនាំសហជីពបញ្ជាក់ថា៖ «បងប្អូនពលករយើងដែលទើបត្រឡប់មកពីប្រទេសថៃមានចំនួនច្រើន ដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ។ បើទោះបីជាកន្លងមក ពួកគាត់មិនមានជំនាញជាក់លាក់ទាក់ទងវិស័យនេះក៏ដោយ គឺពួកគាត់ខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ គឺធ្វើការងារពួកគាត់អត់ខុសពីបងប្អូនកម្មករយើងដទៃទៀតទេ គឺពួកគាត់បំពេញការងារបានល្អ»៕
