សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចពិភាក្សា និងថ្លែងសុន្ទរគន្លឹះ ក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ
(បារាំង)៖ បន្ទាប់ពីអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទចំនួន៣ រួមមាន៖ ១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ, ២) ជំងឺឆ្លង និង៣) ជំងឺមិនឆ្លង។ កិច្ចពិភាក្សានេះ ត្រូវបានសម្របសម្រួលដោយលោកស្រី Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។
ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះ លេីប្រធានបទទី២ ស្តីពី «ជំងឺឆ្លង»។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីសុខភាព ដែលរៀបចំឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។
កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។
កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី៕
