បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រ និងជំរុញការសិក្សាស្រាវជ្រាវកម្រិតខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Laurent MESMANN ប្រធានគម្រោងសហប្រតិបត្តិការបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើរបៀបវារៈសំខាន់ៗមួយចំនួន។
ក្នុងឱកាសនៃជំនួបនេះ តំណាងគម្រោងសហប្រតិបត្តិការបារាំង បានលើកយករបៀបវារៈសំខាន់ៗមកជម្រាបជូន និងពិភាក្សា រួមមាន៖
*ការគោរពអញ្ជើញក្នុងកម្មវិធីការពារនិក្ខេបបទបណ្ឌិត៖ លោក Laurent MESMANN បានអញ្ជើញ ខ្ញុំចូលរួមជាសមាជិកគណៈកម្មការការពារនិក្ខេបបទថ្នាក់បណ្ឌិត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២១ ខែឧសភា ខាងមុខ។ កម្មវិធីនេះនឹងមានការចូលរួមពីលោកសាស្ត្រាចារ្យ Jean-Paul Pastrol ប្រធានសាកលវិទ្យាល័យ French Polynesia រួមទាំងសាស្ត្រាចារ្យល្បីៗជាច្រើនរូបទៀតមកពីប្រទេសបារាំង។
*វឌ្ឍនភាពនៃព្រឹត្តិបត្រវិទ្យាសាស្ត្រភាសាបារាំង (Francophone Journal)៖ ភាគីបារាំងបានធ្វើបទបង្ហាញអំពីសមាសភាពអ្នកស្រាវជ្រាវតាមផ្នែក រចនាសម្ព័ន្ធគណៈកម្មាធិការវិទ្យាសាស្ត្រ និងផែនការមូលនិធិគាំទ្រ។ ទន្ទឹមនឹងនេះ ក៏រៀបចំសេចក្តីព្រាងលិខិតផ្ញើទៅកាន់សាកលវិទ្យាធិការនៃបណ្តាសាកលវិទ្យាល័យសមាជិក AUF ផងដែរ។
*ការថ្លែងអំណរគុណពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា៖ តំណាងវិទ្យាស្ថានប៉ាស្ទ័រ ដែលជាផ្នែកមួយនៃប្រតិភូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ ដែលបានគាំទ្រ «គម្រោងស្រាវជ្រាវស្តីពីគ្រោះថ្នាក់នៃជំងឺឆ្កែឆ្កួតនៅកម្ពុជា» ដែលជាកិច្ចការដ៏សំខាន់សម្រាប់សុខភាពសាធារណៈ។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានឯកភាពទទួលការអញ្ជើញធ្វើជាគណៈកម្មការការពារនិក្ខេបបទថ្នាក់បណ្ឌិតតាមការស្នើសុំ។ ចំពោះគម្រោងព្រឹត្តិបត្រវិទ្យាសាស្ត្រ ដោយពិនិត្យ និងផ្តល់មតិយោបល់បឋមលើសេចក្តីព្រាងអត្ថបទ ដើម្បីឱ្យការបោះពុម្ពផ្សាយកាន់តែមានគុណភាព និងលក្ខណៈវិទ្យាសាស្ត្រខ្ពស់។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសហប្រតិបត្តិការបារាំង និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបន្តគាំទ្រ និងជំរុញការសិក្សាស្រាវជ្រាវកម្រិតខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យស្របតាមស្តង់ដារអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច៕
