កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង

(ភ្នំពេញ)៖ អាជ្ញាធរអនុវត្តច្បាប់កម្ពុជា និងសហរដ្ឋអាមេរិក បានសហការរួមឈានដល់ការរឹបអូសថ្នាំញៀនមេតំហ្វេតាមីនជិត១តោន និងការចាប់ខ្លួនជនសង្ស័យចំនួន ៨ នាក់ នៅខេត្តកោះកុង។ នេះបើតាមការផ្សព្វផ្សាយរបស់ហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។

រដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) បានសហការយ៉ាងជិតស្និទ្ធជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីបញ្ឈប់ទូកនេសាទមួយគ្រឿង ដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុង ទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ។

ក្នុងប្រតិបត្តិការនេះ ថ្នាំញៀនមេតំហ្វេតាមីនសរុបជិត ៩៧៩ គីឡូក្រាម ត្រូវបានរឹបអូស ហើយជនសង្ស័យចំនួន ៨ នាក់ ត្រូវបានចាប់ខ្លួន។

ការរឹបអូសគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា និងសហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការរីករាលដាលនៃគ្រឿងញៀន ដែលគំរាមកំហែងដល់សុវត្ថិភាព និងសុខភាពរបស់ប្រជាជនទាំងពីរប្រទេស ក៏ដូចជាសហគមន៍អន្តរជាតិ៕

 

អត្ថបទដែលជាប់ទាក់ទង