កងទ័ពឥណ្ឌា និងចិន បន្តប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក នៅតាមព្រំដែន រដ្ឋ Arunachal Pradesh
មេបញ្ជាការកងកម្លាំងការពារព្រំដែនឥណ្ឌា ទទួលបន្ទុកការពារព្រំដែនជាប់ប្រទេសចិននៅតំបន់ហិម៉ាល័យថ្លែងថា កងកម្លាំងប្រដាប់អាវុធឥណ្ឌា កំពុងប្រឈមមុខដាក់គ្នាជាមួយកងទ័ពចិននៅចំណុចជាច្រើន ស្ថិតតាមបណ្តោយព្រំដែនក្នុងរដ្ឋ Arunachal Pradesh ភាគឦសាន ប្រទេសឥណ្ឌា។
ការលើកឡើងកាលពីចុងសប្តាហ៍មុន ដោយ លោក Shatrujeet Kapur អគ្គនាយកកងកម្លាំងប៉ូលិសព្រំដែនឥណ្ឌា-ទីបេ បានកើតឡើងជិត ៤ខែ បន្ទាប់ពីក្រុមសង្គមស៊ីវិលក្នុងតំបន់ដាច់ស្រយាលភាគឦសាននេះ ប្រាប់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ ខែតុលា ថា កងកម្លាំងចិនកាន់តែរំលោភចូលជ្រៅទៅក្នុងទឹកដីឥណ្ឌា និងរារាំងកងទ័ពឥណ្ឌាមិនឱ្យចូលទៅកាន់ចំណុចល្បាតនានា ដោយសកម្មភាពនេះបង្កឱ្យមានការខឹងសម្បារក្នុងចំណោមប្រជាពលរដ្ឋមូលដ្ឋាន។

កាលពីខែមុន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញទៅកាន់ទីក្រុងញូវដេលី ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសឥណ្ឌាក្នុងរយៈពេល ៧ឆ្នាំ។ ក្នុងឱកាសនោះ លោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ខណៈរដ្ឋធានីទាំងពីរព្យាយាមធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានភាពកក់ក្តៅឡើងវិញ។
ការវិលត្រឡប់ទៅរកភាពកក់ក្តៅនេះ គឺមួយផ្នែកកើតចេញពីសង្គ្រាមពាណិជ្ជកម្ម ធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយជំរុញឱ្យគូប្រជែងទាំងពីរ គឺទីក្រុងប៉េកាំង និងទីក្រុងញូវដេលី ដែលជាមហាអំណាចនុយក្លេអ៊ែរទាំងពីរ ជិតស្និទ្ធគ្នាជាងមុន។
យ៉ាងណា ករណីចោទប្រកាន់ភាគីចិន រំលោភចូលទឹកដីឥណ្ឌា បង្ហាញឱ្យឃើញថា ទោះបីជាមានការចាប់ដៃគ្នាប្រកបដោយភាពស្និទ្ធស្នាលនៅទីក្រុងញូវដេលីក៏ដោយ ក៏ភាពតានតឹងនៅតាមបណ្តោយព្រំដែនប្រវែង ៣ ៥០០ គីឡូម៉ែត្រ រវាងប្រទេសជិតខាងទាំងពីរនេះ នៅតែគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យទំនាក់ទំនងត្រឡប់ទៅរកភាពប្រក្រតីវិញណាស់។
បញ្ហានេះក៏បង្កជាបញ្ហាប្រឈមផ្នែកនយោបាយដ៏ធំមួយសម្រាប់ លោក Modi ផងដែរ។ លោកបានកសាងរូបភាពជាមេដឹកនាំដ៏រឹងមាំម្នាក់លើបញ្ហាសន្តិសុខជាតិ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ លោកជួបប្រទះនឹងសំណួរដ៏លំបាកនានាពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយប្រទេសចិន។
យោងតាម លោក Kapur, ហេតុការណ៍ប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងចិននៅក្នុងរដ្ឋ Arunachal Pradesh នៅតែបន្តកើតមាននេះ បានកើតឡើង ៦ឆ្នាំ បន្ទាប់ពីទាហានឥណ្ឌាយ៉ាងតិច ២០នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយកងកម្លាំងចិន នៅតំបន់ភ្នំ Ladakh ។

ទោះបីជារូបភាពពីផ្កាយរណប និងប្រភពព័ត៌មានជាច្រើន រួមទាំងប្រភពក្នុងស្ថាប័នសន្តិសុខរបស់ឥណ្ឌាផងនោះ បង្ហាញថា ចិនបានចូលកាន់កាប់ផ្នែកខ្លះនៃទឹកដីដែលធ្លាប់មានជម្លោះ ចាប់តាំងពីការប៉ះទង្គិចគ្នាមក ប៉ុន្តែរដ្ឋាភិបាលរបស់ លោក Modi បដិសេធ មិនទទួលស្គាល់ ពីការបាត់បង់ទឹកដីណាមួយឡើយ។
លើសពីនេះ ៥ថ្ងៃ បន្ទាប់ពីលោក Kapur លើកឡើងពីភាពតានតឹងថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌា នៅតែមិនទាន់បញ្ជាក់ឱ្យច្បាស់ពីភាពតានតឹងនៅតាមព្រំដែននោះទេ ដោយគ្រាន់តែបន្តការរិះគន់ចិន តាមទម្រង់ដដែលៗដូចរាល់ដងប៉ុណ្ណោះ៕

