ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញក្តីរំភើបសោមនស្សរីករាយឥតឧបមា និងបួងសួងថ្វាយព្រះពរព្រះមហាក្សត្រ ក្រោយទទួលបានជោគជ័យក្នុងការវះកាត់ព្រះរោគនៅប្រទេសចិន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្រ្តីរាជការទាំងអស់ បានសម្តែងនូវក្តីរំភើបសោមនស្សរីករាយឥតឧបមា បន្ទាប់ពីទទួលបានដំណឹងអំពីភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងកិច្ចវះកាត់ព្យាបាលព្រះរោគថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសារក្នុងបណ្តាញសង្កមការងារផ្លូវការរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ មានខ្លឹមសារទាំងស្រុងថា «ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មានទាំងអស់ ពិតជាមានសេចក្តីសោមនស្ស និងរំភើបឥតឧបមា ក្រោយពីទទួលបានដំណឹងអំពីភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការវះកាត់ព្យាបាលព្រះរោគរបស់ព្រះករុណាសម្តេចព្រះបរមនាថ ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងខ្ញុំទាំងអស់គ្នាពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗរបស់ចិន។
ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាថែរក្សាព្រះមហាសេតច្ឆត្ត ព្រះដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ អតីតព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គសូមមេត្តាប្រោសប្រទានព្រះរាជសព្ទសាធុការពរជ័យ ថ្វាយដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ឱ្យមានព្រះរាជសុខភាពល្អបរិបូរណ៌ រឹងមាំ ប្រកបដោយព្រះកាយពលខ្លាំងក្លា និងព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយឺនយូរ ដើម្បីយាងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខសាន្ត និងសម្បូរថ្កុំថ្កើង សម្រាប់ប្រជារាស្ត្រខ្មែរទាំងមូលជាយូរអង្វែងតរៀងទៅ»។
