ជាង៣ខែដើមឆ្នាំ ផ្ទះពលរដ្ឋជាង១ ៨០០ខ្នង បានខូចខាតព្រោះខ្យល់កន្ត្រាក់
ភ្នំពេញ៖ ចាប់ពីដើមឆ្នាំ២០២៦ ដល់ថ្ងៃទី១៩ ខែមេសា មានផ្ទះពលរដ្ឋសរុប ១ ៨០២ខ្នង បាន ខូច ខាត ដោយសារគ្រោះធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់។ ពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះ លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អំពាវនាវឱ្យពល រដ្ឋ តាមដានការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីត្រៀមខ្លួនបង្ការ គ្រោះថ្នាក់ជាយថាហេតុ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ មានហេតុការណ៍ ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ កើតឡើងធំៗ ចំនួន៣លើក។
លើកទី១ កើតឡើង ក្នុងថ្ងៃទី២៦កុម្ភៈ ដល់៥មីនា។ ហេតុការណ៍ខ្យល់កន្ត្រាក់នេះ បង្កផលប៉ះពាល់ដល់ពលរដ្ឋខេត្តចំនួន៨ រួមព្រះវិហារ, បន្ទាយមានជ័យ, កំពង់ធំ, កំពត, ក្រចេះ, បាត់ដំបង, ឧត្តរមានជ័យ និងសៀមរាប។ ក្នុងខេត្តទាំង៨នេះ មានផ្ទះពលរដ្ឋ១៤២ខ្នងផ្ទះ រងការខូចខាត។
លើកទី២ កើតឡើង នៅថ្ងៃទី២៧មីនា បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន៣ មានព្រះវិហារ, សៀមរាប និងបន្ទាយមានជ័យ។ ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅខេត្តទាំង៣នេះ មានផ្ទះពលរដ្ឋខូចខាត២៧ខ្នងផ្ទះ។
លើកទី៣ ខ្យល់កន្ត្រាក់កើតឡើង ចាប់ពីថ្ងៃទីថ្ងៃទី១៤មេសា ១៩មេសា។ រយៈពេល៦ថ្ងៃនេះ មានខេត្តចំនួន៩ រួមមានព្រះវិហារ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ ឧត្តរមានជ័យ ត្បូងឃ្មុំ និងប៉ៃលិន រងផលប៉ះពាល់។ ក្នុងចំណោម ខេត្តទាំង៩នេះ មានផ្ទះពលរដ្ឋ សាលារៀន និងវត្ត ចំនួន១៦៣៣ខ្នង រងការខូចខាត។
ដូច្នេះ ផលប៉ៈពាល់ដោយសារខ្យល់កន្រ្តាក់ទាំង៣លើក មានផ្ទះពលរដ្ឋ សាលារៀន និងវត្ត ១៨០២ ខ្នង បានខូចខាត។ ជាការកត់សម្គាល់របស់ លោក សុទ្ធ គឹមកុលមុនី ខ្យល់កន្ត្រាក់ លើកទី៣ បង្កផលប៉ះពាល់ដល់ផ្ទះពលរដ្ឋច្រើន ដោយសារការជិតដល់ពេលនៃការផ្លាស់ប្ដូររដូវកាល គឺពីចុងរដូវប្រាំង ទៅដើមរដូវវស្សា។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងទទួលរងឥទ្ធិពលព្យុះតិចតួចខ្លះពីរបបខ្យល់មូលសុង ទើបកម្ពុជាជួបខ្យល់កន្ត្រាក់។
ពាក់ព័ន្ធនឹងកិច្ចការអន្តរាគមន៍ជួយដល់ពលរដ្ឋ ក្នុងគ្រោះធម្មជាតិ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់សារព័ត៌មានយ៉ាងដូច្នេះ៖ «នៅពេលមានគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ អាជ្ញាធរបានចុះទៅពិនិត្យ អន្តរាគមន៍ និងពាំនាំអំណោយដល់ពលរដ្ឋ ដើម្បីជួយពលរដ្ឋរងគ្រោះ»។
ទន្ទឹមនឹងនេះ លោក សុទ្ធ គឹមកុលមុនី បានអំពាវនាវឱ្យពលរដ្ឋទាំងអស់តាមដានការព្យាករ របស់ក្រសួងធនធានទឹក និងឧតុនិយម និងការផ្សព្វផ្សាយរបស់ អាជ្ញាធរ ដើម្បីត្រៀមលក្ខណៈបង្ការ សម្រាប់កាត់បន្ថយផលប៉ះពាល់។
សូមជម្រាបថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២២មេសា នៅតំបន់វាកទំនាប តំបន់ខ្ពស់រាប និងមាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ ប្រមាណ១០ទៅ២០ភាគរយ។ ស្ថានភាពបែបនេះ ដោយសារកម្ពុជា ទទួលរងឥទ្ធិពលព្យុះទី៤ ស៊ីនឡាគូ។ នេះបើតាមព្រឹត្តិបត្រព័ត៌មាន ស្ដីពីធាតុអាកាសរបស់ ក្រសួងធនធាទឹក និងឧតុនិយម៕