ក្រោមការយកចិត្តទុកដាក់ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រជាពលរដ្ឋ ១១៩ ៤៩០នាក់ បានជិះរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សម្រាលបន្ទុកចំណាយរបស់ពលរដ្ឋសរុបប្រមាណ ៣លានដុល្លារ
(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ, ក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី១២-១៧ ខែមេសា ដែលជាការកាត់បន្ថយបន្ទុកចំណាយសម្រាប់បងប្អូន អាចយកទៅប្រើប្រាស់ក្នុងគោលដៅផ្សេងៗ រួមទាំងការធ្វើបុណ្យទានផងដែរ។
ជាលទ្ធផលមានប្រជាពលរដ្ឋចំនួន១១៩ ៤៩០នាក់ បានជឿទុកចិត្ត និងមកទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានកើនឡើងចំនួន ៣៣ ៦៤១នាក់ ស្មើនឹង ៣៩%។ ជាមធ្យម ក្នុងពលរដ្ឋម្នាក់ ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺន ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមក ហើយមធ្យោបាយដឹកជញ្ជូនឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបរបស់ប្រជាពលរដ្ឋប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារ ដែលចំនួនទឹកប្រាក់នេះ បានចែករំលែកចូលទៅកាន់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានានៅស្រុកកំណើត ជំនួសឱ្យការធ្វើដំណើរតែមួយមុខ។
សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាតាលីករជំរុញចរន្តសេដ្ឋកិច្ចមូលដ្ឋានផងដែរ សម្តៅលើកកម្ពស់កំណើនចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋានទាំងមូល៕