អានុទីន៖ មិនចាំបាច់សួរនាំកម្ពុជាទេ រឿងលុបចោលកិច្ចព្រមព្រៀងដែនសមុទ្រ

ក្នុងសកម្មភាពមួយដែលបង្ហាញពីចេតនាមិនសូវល្អ និងចង់ប្រើអំណាចគាបសង្កត់លើប្រទេសជិតខាង រដ្ឋាភិបាលថៃបានប្រកាសជាឯកតោភាគីថា ខ្លួននឹងលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ដែលជាមូលដ្ឋានគ្រឹះនៃការចរចាដោយសន្តិវិធីលើតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។

យោងតាម Thai Enquirer ចុះផ្សាយថ្ងៃទី២៣ខែមេសាឆ្នាំ២០២៦ លោក អានុទីន ឆានវីរគុល នាយករដ្ឋមន្ត្រីថៃ បានថ្លែងដោយមិនក្រែងចិត្តថា ថៃនឹងឈប់ខ្វល់ពីកិច្ចព្រមព្រៀងចាស់ដែលធ្លាប់ព្រមព្រៀងគ្នា ហើយថែមទាំងនិយាយយ៉ាងក្រអឺតក្រទមថា ថៃមិនចាំបាច់ផ្ដល់ដំណឹង ឬពិភាក្សាជាមួយកម្ពុជាសូម្បីតែមួយម៉ាត់ ក្នុងការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងនេះឡើយ។ ក្រសួងការបរទេសថៃនឹងដាក់សំណើលុបចោលកិច្ចព្រមព្រៀងនេះទៅកាន់គណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗខាងមុខ។ យ៉ាងណាមិញ កិច្ចព្រមព្រៀងឆ្នាំ២០០០ ស្តីពីការបោះបង្គោលព្រំដែនគោក គឺនៅរក្សាទុកដដែលមិនមានការផ្លាស់ប្តូរឡើយ។

ជាការជំនួសវិញ រដ្ឋាភិបាលថៃនឹងងាកមកប្រើប្រាស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីធ្វើជាក្របខ័ណ្ឌច្បាប់ក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកជាមួយកម្ពុជា។

យ៉ាងណាមិញ ការងាកទៅប្រើច្បាប់សមុទ្រអន្តរជាតិ UNCLOS ជំនួសវិញនេះ ត្រូវបានគេមើលឃើញថាជាល្បិចកលនយោបាយថ្មីរបស់ថៃ ដើម្បីព្យាយាមបំបាត់ចោលនូវរាល់ការព្រមព្រៀងកន្លងមក ដែលតម្រូវឲ្យមានការបែងចែកផលប្រយោជន៍ស្មើភាពគ្នាលើធនធានប្រេង និងឧស្ម័នធម្មជាតិដ៏មហាសាលនៅតំបន់ឈូងសមុទ្រ។ តាមរយៈការបោះបង់ចោលយន្តការចរចាដោយឯកតោភាគីនេះ ថៃហាក់កំពុងព្យាយាមប្រើឥទ្ធិពល និងសាច់ដុំយោធារបស់ខ្លួន ដើម្បីកំណត់វាសនាព្រំដែនសមុទ្រតាមចិត្តចង់ ដោយមិនចង់ចែករំលែកផលចំណេញដល់កម្ពុជាដែលជាម្ចាស់ផ្ទះពិតប្រាកដក្នុងតំបន់ខ្លះនោះឡើយ។

អ្វីដែលកាន់តែគួរឲ្យព្រួយបារម្ភ និងបង្ហាញពីការត្រៀមលក្ខណៈបង្ករឿងនោះ គឺសេចក្ដីថ្លែងការណ៍របស់មេបញ្ជាការរងកងទ័ពជើងទឹកថៃ លោក Thadawut Thatpitakkul ដែលបានលើកឡើងថា កងទ័ពជើងទឹកថៃបានត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តគោលនយោបាយ «ការពារអធិបតេយ្យភាព» ដែលនេះអាចជាសញ្ញានៃការប្រើកម្លាំងបាយមកគាបសង្កត់លើកម្ពុជា។ ទង្វើរបស់ថៃនាពេលនេះ មិនត្រឹមតែបង្ហាញពីការខ្វះភាពស្មោះត្រង់ក្នុងនាមជាប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព និងស្ថិរភាពដែលប្រទេសទាំងពីរបានសាងមកជាច្រើនឆ្នាំ ដោយគ្រាន់តែចង់បានផលប្រយោជន៍សេដ្ឋកិច្ចតែម្ខាងប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង