សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី បញ្ជាក់ពីជំហរ «មិត្តភាពដែកថែប» មិនប្រែប្រួល និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែខ្លាំង
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារនៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ «សន្ទនាយុទ្ធសាស្ត្រ ២បូក២» នៅកម្ពុជា។
ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទោះបីសភាពការណ៍ពិភពលោកមានការវិវត្ត និងប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែទំនាក់ទំនង «មិត្តភាពដែកថែប» រវាងកម្ពុជា និងចិន នៅតែរក្សាជំហររឹងមាំមិនប្រែប្រួលឡើយ។ សម្តេចក៏បានជំរុញឱ្យភាគីចិនបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសការពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ជាតិ។
ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង ជូនចំពោះសម្តេចតេជោ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ក្នុងការកសាងមិត្តភាពដែកថែបនេះឡើង ហើយបច្ចុប្បន្នត្រូវបានបន្តពូនជ្រុំយ៉ាងល្អប្រសើរដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះ ក៏បានរាយការណ៍ជូនសម្តេចតេជោអំពីលទ្ធផលផ្លែផ្កានៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២បូក២ (រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ) ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងគោលដៅពង្រឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះ ឯកឧត្តម វ៉ាង យី ក៏បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងរហ័សរបស់កម្ពុជា តាមរយៈវត្តមានអគារខ្ពស់ៗ និងវឌ្ឍនភាពលើគ្រប់វិស័យ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងបន្តគាំទ្រកម្ពុជាជានិច្ច ស្របតាមស្មារតីនៃ «សហគមន៍វាសនារួម» ដើម្បីផលប្រយោជន៍រួមនៃប្រជាជនទាំងពីរ។
មុននឹងបញ្ចប់ជំនួប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តចិនដែលតែងតែជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈ និងបានជូនពរឱ្យបេសកកម្មរបស់ឯកឧត្តម វ៉ាង យី ទទួលបានជោគជ័យបន្ថែមទៀត៕
