ជនបរទេស ៤៥នាក់ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្រោយរកឃើញជាប់ព័ន្ធនឹងបទល្មើស Online Scams
អាជ្ញាធរខេត្តព្រះសីហនុ បានបន្តបើកយុទ្ធនាការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហើយបានឃាត់ខ្លួនជនបរទេសសង្ស័យចំនួន ៤៥នាក់ និងសម្ភារៈសង្ស័យជាច្រើនទៀត បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
យោងតាមរបាយការណ៍វឌ្ឍនភាពការងារអនុវត្តអនុក្រឹត្យលេខ០៣ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងសរុបចំនួន១៧ ហើយទីតាំងចំនួន៣ ត្រូវបានរកឃើញ និងបង្ក្រាបបទល្មើស Online Scams ដោយបានឃាត់ខ្លួនមនុស្ស ៤៥នាក់ និងសម្ភារៈសង្ស័យជាច្រើន។
កិច្ចប្រតិបត្តិការបង្ក្រាបតាមទីតាំងនីមួយៗរួមមាន ទីតាំងទី១ នៅចំណុចផ្ទះជួលរបស់ឈ្មោះ យស់ សាវ៉ាត ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ និងដកហូតកុំព្យូទ័រលើតុ ៤គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងទូរសព្ទដៃ ៣៨គ្រឿង ។
ចំណែកទីតាំងទី២ នៅចំណុចបឹងហ្គាឡូ ស្ថិតក្នុងភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនបរទេសសរុប ៣៦នាក់ រួមជាមួយសម្ភារៈសង្ស័យជាច្រើន រួមមានកុំព្យូទ័រលើតុ ១៨គ្រឿង និងទូរសព្ទដៃ ៧២គ្រឿង រីឯទីតាំងទី៣ នៅផ្ទះវីឡាជួល ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ និងដកហូតកុំព្យូទ័រលើតុ ១៣គ្រឿង ព្រមទាំងទូរសព្ទដៃ ៧គ្រឿង។
បច្ចុប្បន្នជនបរទេសសរុបចំនួន៤៥នាក់នេះ និងវត្ថុតាងជាសម្ភារៈបច្ចេកវិទ្យាជាច្រើនគ្រឿង ត្រូវបានអាជ្ញាធរបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ហើយគិតត្រឹមថ្ងៃទី២១ ខែមេសានេះ គឺចំនួនទីតាំង ដែលត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើស Online Scams ក្នុងខេត្តព្រះសីហនុ បានកើនឡើងដល់ ៣២ទីតាំងហើយ។

គួររំឭកថា ច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» បានចូលជាធរមាន កាលពីម៉ោង ០០:០១ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយលោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះមាន៥ជំពូក និង២៤មាត្រា។
ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត គឺទី១ បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី២ បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី៣ បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទី៤ បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និងទី៥ ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
ចំពោះបទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០ លានរៀល ហើយថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ៕
