មកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម

នៅព្រលានយន្តហោះអន្តរជាតិដ៏ធំក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ មន្ត្រីគយបានឃាត់ខ្លួនក្រុមព្រះសង្ឃចំនួន ២២អង្គ ដែលទើបតែធ្វើដំណើរត្រឡប់មកពីប្រទេសថៃវិញ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

យោងតាមសារព័ត៌មាន The Star បន្ទាប់ពីការពិនិត្យយ៉ាងដិតដល់ មន្ត្រីជំនាញបានរកឃើញគ្រឿងញៀនប្រភេទកញ្ឆា (Kush) បូកសរុបគ្នាមានទម្ងន់រហូតដល់ទៅ ១១០គីឡូក្រាម លាក់ទុកយ៉ាងជិតនៅក្នុងវ៉ាលីរបស់ព្រះសង្ឃទាំងនោះ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យមន្ត្រីគយស្រីលង្កា ក្រុមព្រះសង្ឃទាំងនេះ បានធ្វើដំណើរទៅសម្រាកលំហែកាយនៅទីក្រុងបាងកករយៈពេល ៤ថ្ងៃ ដែលមានអ្នកជំនួញម្នាក់ជាអ្នកជួយចេញថ្លៃចំណាយទាំងអស់។ ល្បិចកលដែលក្រុមសង្ឃទាំងនោះប្រើគឺ ការធ្វើថតវ៉ាលីពីរជាន់ដើម្បីបង្កប់គ្រឿងញៀន ដោយក្នុងមួយអង្គៗបានស្ពាយគ្រឿងញៀនប្រហែល ៥គីឡូក្រាមជាប់នឹងខ្លួន។ ព្រះសង្ឃដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ ភាគច្រើនគឺជាសមណសិស្សវ័យក្មេង ដែលមកពីតាមវត្តអារាមផ្សេងៗគ្នានៅទូទាំងប្រទេសស្រីលង្កា។

បន្ទាប់ពីការបង្ក្រាបបានភ្លាមៗ ក្រុមព្រះសង្ឃទាំងអស់ត្រូវបានបញ្ជូនទៅឲ្យប៉ូលិស ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅថ្ងៃដដែលនោះ។ នេះត្រូវបានចាត់ទុកថាជា ការចាប់ជម្រកគ្រឿងញៀនប្រភេទកញ្ឆា (Kush) ដ៏ធំបំផុតមិនធ្លាប់មាន នៅព្រលានយន្តហោះអន្តរជាតិរបស់ស្រីលង្កា។ កន្លងមក កាលពីឆ្នាំ២០២៥ ក៏មានករណីស្រ្តីជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនជាមួយគ្រឿងញៀនជិត ៥០គីឡូក្រាមនៅទីនេះដែរ ខណៈដែលរូបនាងធ្វើដំណើរមកពីទីក្រុងបាងកកដូចគ្នា។

បច្ចុប្បន្ន អាជ្ញាធរស្រីលង្កាកំពុងតែរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ព្រោះពួកគេសង្កេតឃើញថា មានការលួចលាក់នាំចូលគ្រឿងញៀន រួមមានទាំងហេរ៉ូអ៊ីនផងដែរ តាមរយៈមធ្យោបាយផ្សេងៗ ជាពិសេសគឺការប្រើប្រាស់ទូកនេសាទតូចៗ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។ ហេតុការណ៍ដែលមានព្រះសង្ឃចូលរួមក្នុងបទល្មើសបែបនេះ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការសោកស្តាយ និងងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសីលធម៌ និងការជ្រើសរើសផ្លូវខុសរបស់ក្រុមអ្នកបួសវ័យក្មេងទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង